ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជាក់ថា ករណីស្រ្តីម្នាក់ដែលឃាតករ អារកសម្លាប់នោះ គឺនាង មានកូនបីនាក់ និងមានប្ដី នៅស្រុកកំណើតឯខេត្តស្វាយរៀង ហើយបាននាងបានមកធ្វើជាកម្មការិនីរោងចក្រកាត់ដេរនៅក្រុងភ្នំពេញ រហូតឈានដល់មានទំនាក់ទំនងស្នេហាជាមួយប្រុសស្នេហ៍ ដែលមានវ័យក្មេងជាងខ្លួនជាង១០ឆ្នាំ ដែលជាមនុស្សញៀនថ្នាំ នៅទីបំផុតបុរសជាប្រុសសហាយរបស់ខ្លួន បានចាប់នាងអារក បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ដោយសារតែខឹងសុំលុយទិញថ្នាំញៀន និងទិញស្រាផឹកមិនបាន ហើយបុរសនោះក៏បានអារកខ្លួនឯង ប៉ងសម្លាប់ខ្លួនទៅតាមក្រោយដែរ តែប្រហែលជាឈឺពេក ទើបបានត្រឹមរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានប្តី និងមានកូនចំនួន៣នាក់ នៅស្រុកកំណើតខេត្តស្វាយរៀង បន្ទាប់មកស្ត្រីរងគ្រោះបានមកភ្នំពេញ ធ្វើជាកម្មការិនីរោងចក្រ ហើយក៏មានទំនាក់ទំនងជាមួយបុរសជាជនដៃដល់ ដែលត្រូវជាប្រុសស្នេហ៍រូបនេះ។ ស្ត្រីរងគ្រោះ ឈ្មោះយិត ធិញ អាយុ៤២ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកជនដៃដល់ជាប្រុសសហាយ ឈ្មោះយា រិត អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិរមាំងត្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង បានរងរបួសកធ្ងន់ធ្ងរ។
តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឮស្ត្រីរងគ្រោះ និងជនដៃដល់ជាប្រុសសហាយបានឈ្លោះគ្នាតាំងពីវេលាម៉ោងប្រហែល២យប់ថ្ងៃទី២៥កញ្ញា មកម្ល៉េះ ដែលគេសង្ស័យថា អាចផ្ដើមចេញពីរឿងលុយកាក់ ព្រោះបើតាមសមត្ថកិច្ចឲ្យដឹងថា ប្រុសស្នេហ៍ម្នាក់នេះ ខឹងសុំលុយទិញថ្នាំញៀន និងទិញស្រាផឹកមិនបាន លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែជនដៃដល់ជាប្រុសស្នេហ៍ បានចាប់ស្ត្រីរងគ្រោះអារក បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់មកជនដៃដល់ជាប្រុសស្នេហ៍ក៏បានអារកសម្លាប់ខ្លួនឯងតែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។
ករណីឃាតកម្មនេះ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ លើសាកសពស្ត្រីរងគ្រោះ រួចទំនាក់ទំនងទៅក្រុមគ្រួសារ មកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យដឹកយកទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ៕