ខេត្តសៀមរាប៖ រថយន្ត Camary ស៊េរីឆ្នាំ៩៣ មួយគ្រឿង ដែលបានកែច្នៃប្រើហ្គាស ត្រូវបានឆាបឆេះនៅសល់តែគ្រោងឆ្អឹង ដោយសារតែធ្លាយទុយោធុងហ្គាស ប៉ុន្តែសំណាងល្អណាស់មនុស្សចុះរត់ទាន់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០ នាទីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នៅលើផ្លូវជាតិលេខ ៦៤ ចំណុចខាងកើតផ្សារស្វាយលើថ្មី ប្រហែល១គីឡូម៉ែត្រ។
រថយន្តដែលឆាបឆេះម៉ាក Camary ពណ៌ខ្មៅ ស៊េរី ៩៣ ផ្លាកលេខ ភ្នំពេញ ២C ៥៨៤៩ អ្នកបើកបរឈ្មោះ ឆន ដារ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំមានទីលំនៅ ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមការសាកសួរ ករណីនេះ មូលហេតុមកពីធ្លាយទុយោធុងហ្គាស ហើយក៏ឆាបឆេះតែម្តង។ ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ ទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់មួយរថយន្ត ទើបរលត់ ប៉ុន្តែរថយន្តនោះ ក្លាយជាដែកអេតចាយ៕