ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកមង្គលបូរី បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពីបទប្រើអំពើហឹង្សា យកកាំបិតកាប់ទៅលើគូទំនាស់របស់ខ្លួន បណ្តាលឲ្យរបួសចំនួន ៣នាក់ ។ នៅថ្ងៃទី២៥កញ្ញានេះ ជនដៃដល់ទាំង២នាក់ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧និង៥០នាទីយប់ នៅលើផ្លូវភូមិស្តីក្រោម ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីក្មេងទំនើងជិះម៉ូតូដេញកាប់ម៉ូតូ១គ្រឿងផ្សេងទៀត បណ្តាលមានអ្នករងរបួសចំនួន៣នាក់ ។ ក្រោយពីកើតហេតុជនដៃដល់ចំនួន២នាក់ ត្រូវបាននគរបាលជំនាញអធិការដ្ឋាននគរបាលស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគយមែង ចាប់ខ្លួនបាន ។
ក្រុមជនដៃដល់មានឈ្មោះ កាត ម៉ុនថៃ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុកមង្គលបូរី និងឈ្មោះ ថន លាប ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិតានង ឃុំគយម៉ែង ។ ពួកគេទាំង ២នាក់បានជិះម៉ូតូ១គ្រឿង តាមពីក្រោយហើយបានយកកាំបិតកាប់ទៅលើ ក្រុមជនរងគ្រោះ ៣នាក់ ដែលកំពុងជិះម៉ូតូបណ្តាលឲ្យរងរបួស មាន ១/-ឈ្មោះ ស៊ី ណារ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិប្រឡាយលួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ របួសខ្នងមួយកន្លែង , ២/-ឈ្មោះ ឃួន តូច ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិប្រឡាយលួងក្រោម របួសកែងដៃឆ្វេងមួយកន្លែង ,៣/-ឈ្មោះ ឆែម វាសនា ភេទប្រុស អាយុ២១ឆ្នាំ ភូមិប្រលាយលួងក្រោម របួសលើចង្កេះក្រោយផ្នែកខាងឆ្វេង។ ចំពោះមូលហេតុដែលបង្កឲ្យកើតមានអំពើហិង្សានេះ បណ្តាលមកពីពួកក្រុមជនរងគ្រោះជិះម៉ូតូស៊ីភ្លេដាក់ ។ បច្ចុប្បន្នជនដៃដល់ទាំង២នាក់ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះទាំង៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕