អង្គការសហប្រជាជាតិបានព្រមាននៅថ្ងៃអង្គារទី២៤ខែកញ្ញាថាភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីកំពុងធ្វើឱ្យកុមារជិត១០ លាននាក់ប្រឈមនឹងហានិភ័យពីការពុលបរិយាកាស ស្របពេលដែលក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ភ្លើងឆេះព្រៃនេះ បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់(greenhouse gases)ដ៏ច្រើន។
ភ្លើងឆេះព្រៃនេះបាននិងកំពុងបង្កឱ្យមានផ្សែងអ័ព្ទពុលនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយនាំឱ្យបិទសាលារៀននិងអាកាសយានដ្ឋានជាច្រើន ហើយពួកអ្នកស្រុកប្រញាប់ប្រញាល់ទិញម៉ាសមុខនិងស្វែងរកការព្យាបាលវេជ្ជសាស្ត្រសម្រាប់ជំងឺផ្លូវដង្ហើម។ ទីក្រុងហ្សាការតាបានបញ្ជូនកងកម្លាំងសន្តិសុខរាប់ម៉ឺននាក់និងយន្ដហោះពន្លត់ភ្លើងច្រើនគ្រឿងនដើម្បីពន្លត់ភ្លើងឆេះខ្លាំងនេះ ដែលបណ្តាលមកពីការកាប់ឆ្កាដុតស្មៅព្រៃនិងនិងឈូសឆាយដីកសិកម្ម។ ភ្លើងឆេះនេះគឺជាបញ្ហាកើតឡើងរាល់ឆ្នាំប៉ុន្តែ ឆ្នាំនេះវាអាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០១៥ ដោយសារអាកាសធាតុរាំងស្ងួត។
អង្គការUNICEF បាននិយាយថាមនុស្សជិត ១០ លាននាក់ដែលមានអាយុក្រោម១៨ឆ្នាំ គឺ ប្រហែលមួយភាគបួននៅក្រោមអាយុ៥ឆ្នាំ រស់នៅក្នុងតំបន់រងផលប៉ះពាល់ខ្លាំងបំផុតពីភ្លើងឆេះព្រៃនៅលើកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ីនិងមួយផ្នែកនៃកោះប័រណេអូBorneo របស់ប្រទេសនេះ៕