កាលពីវេលាថ្ងៃត្រង់ទី ២១ ខែកញ្ញា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកទំនិញជាមួយនឹងរថយន្ត McLaren 720s។ ករណីនេះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្តែ McLaren 720s បានរងការខូចខាតខ្លាំងនៅផ្នែកចំហៀងខាងក្រោយ។
រឿងរ៉ាវនេះដែរ ត្រូវបានលេចមុខលើវិបសាយសារព័ត៌មាន Zing របស់វៀតណាមថែមទៀតផង។ នេះក៏ដោយសារតែ McLaren 720s ជារថយន្តមហាកម្លាំងមួយ មានតម្លៃថ្លៃសម្បើម។ វិបសាយនេះបានប៉ាន់ស្មានថា McLaren 720s នៅប្រទេសកម្ពុជាមានតម្លៃប្រមាណ ៥៨ ម៉ឺនដុល្លារ បើគិតរួមទាំងថ្លៃពន្ធ។
McLaren 720s មានបំពាក់ម៉ាស៊ីន ៤,០ លីត្រ ៨ ស៊ីឡាំង ប្រភេទ Twin-Turbo ដែលផលិតកម្លាំងបាន ៧២០ សេះ។ វាមានភ្ជាប់ជាមួយប្រអប់លេខ ៧ វគ្គ ហើយអាចបង្កើនសន្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ដោយប្រើពេលត្រឹមតែ ២,៧ វិនាទី៕