ថៃ៖ កាលពីដើមខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋាភិបាលថៃបានប្រកាស និងចេញសេចក្តីព្រមានដល់ម្ចាស់រថយន្ត និងម៉ូតូទាំងអស់ ដែលធ្វើការចតយានយន្តអនាធិបតេយ្យខុសច្បាប់នៅលើផ្លូវថ្មើរជើង ដោយប្រើវិធានការណ៍ធម៌ក្តៅចាប់ផាកពិន័យចំនួនជាទឹកប្រាក់ចំនួនចាប់ពី២,០០០បាត ទៅដល់ ៥,០០០បាត (ប្រហែល ៦៥ ទៅ ១៦០ដុល្លារ) ក្នុងយាន្តជំនិះមួយគ្រឿង។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមួយនេះគឺធ្វើឡើងដើម្បីបញ្ចៀសបញ្ហាចរាចរណ៍ និងការប្រើប្រាស់ផ្លូវថ្មើរជើងរបស់រដ្ឋទៅធ្វើជាកន្លែងចតយាន្តជំនិះគ្មានសណ្តាប់ធ្នាប់ និងខុសច្បាប់។ ក្រៅពីនេះក៏ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុផងដែរ ព្រោះផ្លូវថ្មើរជើងនឹងមិនអនុញ្ញាតឲ្យម៉ូតូ ឬរថយន្តឆ្លងកាត់នោះឡើយ សម្រាប់តែអ្នកដំណើរដើរទៅមកប៉ុណ្ណោះ។
យ៉ាងណាមិញច្បាប់មួយនេះហាក់ពុំទទួលបានប្រសិទ្ធិភាពភ្លាមៗនោះឡើយ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ ទើបក្រុមតម្រួតថៃចាត់វិធានការណ៍ធម៌ក្តៅចំពោះម៉ូតូមួយចំនួន ដែលធ្វើការចតយានយន្តលើផ្លូវថ្មើរជើងខុសច្បាប់។ ការអនុវត្តន៍នេះគឺបានផ្តើមធ្វើឡើងនៅលើផ្លូវ Ekkamai Road តំបន់ Vadhana ទីក្រុងបាងកក ដោយចាប់បានអ្នកបំពានករណីចំនួន ៧ ម៉ូតូ សរុបជាទឹកប្រាក់ចំនួន ១៤,០០០បាត។ តាមការរៀបរាប់របស់ក្រុមតម្រួតប្រចាំតំបន់ Vadhana បានឲ្យដឹងថា៖ «ការចាប់ផាកពិន័យលើកនេះគឺគ្រាន់តែជាការអនុវត្តជាបឋម ដើម្បីគំរាមតែប៉ុណ្ណោះ ចាប់ពីដើមខែតុលា ទៅពួកគេនឹងអនុវត្តច្បាប់ជាផ្លូវការតែម្តង»៕