អាជីពជាអ្នកសិល្បៈ មិនប្រាកដថាសុទ្ធតែជោគជ័យមានទ្រព្យសម្បត្តិគ្រប់គ្នានោះឡើយ ដោយអ្នកខ្លះហាក់មានផលលំបាក និងការប្រកួតប្រជែងច្រើនដើម្បីមានកេរ្តិ័ឈ្មោះល្បីល្បាញ មានគេទទួលស្គាល់ និងអាចរកប្រាក់បានច្រើន។ ថ្មីៗនេះអតីតតារាចម្រៀងស្រីថៃមួយរូបបានចែករំលែកពីបទពិសោធន៍ជីវិត ក្រោយពេលដែលខ្លួនបានសម្រេចចិត្តចាកចេញពីអាជីពជាតារាចម្រៀងពេលរាត្រី មកធ្វើជាអ្នកលក់បាយម្ហូបវិញ។
តារាចម្រៀងស្រីដែលត្រូវបានគេស្គាល់ថាឈ្មោះ Mickey បានបង្ហើបឲ្យដឹងថា៖ «នាងជាមនុស្សដែលស្រលាញ់ការរាំច្រៀង ហើយមានគោលបំណងចង់ក្លាយជាតារាល្បី ប៉ុន្តែក្តីស្រម៉ៃរបស់នាងហាក់មិនងាយនិងឈោងចាប់បាននោះឡើយ។ នាងបានក្លាយជាតារាចម្រៀងពិតមែន តែគឺជាតារាចម្រៀងតាមភោជនីយដ្ឋានពេលរាត្រីតែប៉ុណ្ណោះ យូរៗម្តងមានគេហៅទៅខនសឺត ជាតារាអមឆាក។ អាជីពមួយនេះវាមិនល្អដូចដែលគេគ្រប់គ្នាមើលឃើញនោះឡើយ អ្នកទាំងអស់គ្នាអាចឃើញរូបរាងរបស់តារាចម្រៀងជាមួយសម្រស់ស្រស់ស្អាត តែពីក្រោយភាពស្រស់ស្អាតទាំងនោះគឺសុទ្ធសឹងតែជាក្តីឈឺចាប់ ដោយនាងតែងត្រូវអង្គុយកំដរភ្ញៀវ មានពេលខ្លះត្រូវភ្ញៀវចាប់បញ្ច្រកស្រាក៏មាន។
ដោយហាក់ធុញទ្រាន់នឹងជីវិតជាតារាចម្រៀងពេលរាត្រីបែបនេះ នាងបានប្រមូលយកលុយដែលសន្សំបានទាំងអស់មកធ្វើជាទុន ដើម្បីរកស៊ី។ ដោយការចាប់ផ្តើមរបស់នាងគឺលក់បាយ ដោយមួយថ្ងៃអាចរកចំណូលបានប្រមាណជាង១០០បាតប៉ុណ្ណោះ ប៉ុន្តែក្រោយៗមកទៀត នាងក៏លក់បានច្រើន រហូតឥឡូវនាងអាចរកបានប្រាក់ដល់ទៅ ១៥០,០០០ បាតក្នុងមួយខែ»។ នាងបន្ថែមថា៖ «ពេលនេះនាងអាចមិនមានរូបសម្រស់ស្រស់ស្អាត ឬការស្លៀកពាក់ឡូយឆាយ តែនាងអាចមានបាយញ៉ាំ ហើយធ្វើអ្វីដែលខ្លួនចង់ធ្វើ មិនបាច់ភ័យព្រួយបារម្ភពីរឿងសុវត្ថិភាពរបស់ខ្លួនដូចការពីមុន។ ហើយនាងគិតថានាងប្រហែលជាលុបក្តីស្រម៉ៃធ្វើជាតារាចម្រៀងចោល ហើយមកចាប់ក្តីស្រម៉ៃថ្មីធ្វើជាអ្នកលក់បាយម្ហូប រស់នៅបែបសាមញ្ញក៏ជីវិតនាងមានក្តីសុខគ្រប់គ្រាន់ដែរ»៕