មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសុក្រទី២០កញ្ញាថា ផ្សែងអ័ព្ទដែលរសាត់មកដោយខ្យល់បក់បោកពីភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី បានចាប់ផ្តើមប៉ះពាល់ដល់តំបន់មួយចំនួននៅប្រទេសហ្វីលីពីននិងបង្កការព្រួយបារម្ភខ្លាំងឡើងអំពី សុវត្ថិភាពអាកាសចរណ៍និងហានិភ័យសុខភាពដែលអាចកើតមាន។
លោក Landrico Dalida អនុប្រធានគ្រប់គ្រងបរិស្ថាននិងភូមិសាស្ត្រហ្វីលីពីនបាននិយាយថា ផ្សែងអ័ព្ទកម្រិតមធ្យមកំពុងគ្របដណ្តប់លើទីក្រុងZamboanga ទីក្រុងCebu ទីក្រុងDumaguete និងខេត្តPalawan។ លោកបាននិយាយថាក្រុមអាជ្ញាធរកំពុងត្រួតពិនិត្យតំបន់ផ្សេងទៀតដែលអាចរងផលប៉ះពាល់ផងដែរ។ លោកបាននិយាយថា ” គេអាចមើលឃើញ គឺមានន័យថាមានផ្សែងពិតជាបានមកពីតំបន់ នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយមកដល់យើង ហើយប្រសិនបើភាពមើលឃើញ ត្រូវបានប៉ះពាល់នោះមន្ត្រីអាកាសយានដ្ឋាននិងក្រុមហ៊ុនអាកាសចរណ៍អាចនឹងលុបចោលជើងហោះហើរដោយសារបារម្ភពីសុវត្ថិភាព។
លោកបានបន្ថែមថា លោកបានណែនាំឱ្យប្រជាជនពាក់ម៉ាសប្រសិនបើផ្សែងអ័ព្ទកាន់តែអាក្រក់។ មន្ត្រីការិយាល័យគ្រប់គ្រងបរិស្ថានបាននិយាយថាការិយាល័យប្រចាំតំបន់របស់ខ្លួនបានបញ្ជូនព័ត៌មានទៅមន្ត្រីមូលដ្ឋាននៅក្នុងតំបន់ដែលរងប៉ះពាល់ដោយផ្សែងអ័ព្ទដើម្បីជួយពួកគេផ្តល់ការណែនាំដល់សាធារណជន ជាពិសេសអ្នកដែលមានជំងឺផ្លូវដង្ហើមដើម្បីស្នាក់នៅក្នុងផ្ទះប្រសិនបើស្ថានភាពកាន់តែអាក្រក់នោះ។
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ីបាននិយាយថាចំនួនកន្លែងភ្លើងឆេះព្រៃកាលពីសប្តាហ៍កន្លងទៅ បានកើនឡើងដល់៥.០៨៦កន្លែង កាលពីថ្ងៃសុក្រ ទោះបីជាមានការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនិងគ្រប់គ្រងផ្សែងអ័ព្ទក៏ដោយ៕