សៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនជាតិកាណាដាម្នាក់ ដោយសារខឹងនឹងជនរងគ្រោះជេរប្រពន្ធរបស់ខ្លួន ហើយជនសង្ស័យក៏ខឹង ស្ទុះទៅវាយ២ដៃបែកមាត់តែម្តង។
នគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ១៨:៣០នាទី ចំនុចហាង COZY BAR ស្ថិតនៅភូមិ មណ្ឌល ១ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនសង្ស័យឈ្មោះ YVES GRAVAL ភេទ ប្រុស កើតថ្ងៃទី ១០ ខែមករា ឆ្នាំ១៩៦៧ ជនជាតិ កាណាដា មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ ចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលភូមិ តាចេក សង្កាត់ ជ្រាវ ក្រុង/ខេត្តសៀមរាបបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះចំនួន ០២ដៃ បណ្តាលឲ្យរងរបួសបែកចិញ្ចើមខាងឆ្វេង និងមាត់ត្រូវបានសមត្ថកិច្ចយើងជួយអន្តរាគមន៍ និងនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ LICARDO ZORAN ភេទ ប្រុស កើតថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ១៩៧២ ជនជាតិ ស្លូវ៉ានៀ កាន់លិខិតឆ្លងដែនលេខ PB១២៦៤៧៥៩ មុខរបរបុគ្គលិកលក់សំបុត្រយន្តហោះ ស្នាក់នៅបន្ទប់ជួល ភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
តាមចម្លើយសារភាពរបស់ជនបង្ករបាននិយាយថា ជនរងគ្រោះជេរប្រពន្ធរបស់ខ្លួន ហើយជនសង្ស័យក៏ខឹង និងស្ទុះទៅវាយតែម្តង ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួន បណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី៕