ក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្ដល់នូវសេចក្ដីជូនដំណឹងមួយ ស្ដីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរយានយន្ត និងវិញ្ញាបនបត្រ និងលតាប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្លាកលេខយានយន្តមាន QR Code។
ដើម្បីបង្កភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ និងបង្ការការក្លែងបន្លំ ក្រសួងបានបង្ហាញអំពីលក្ខណៈពិសេសនៃឯកសារដូចខាងក្រោម ៖
១. ពន្លឺ UV
- ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរយានយន្តពិតប្រាកដ មានបង្កប់នូវពន្លឺ UV
- ដោយប្រើពិល UV បញ្ចាំងលើសន្លឹកប័ណ្ណ និម្មិតសញ្ញារបស់ក្រសួងនឹងលេចចេញយ៉ាងច្បាស់
២. QR Code
- សំណុំឯកសារខាងលើត្រូវបានបញ្ជាក់ពីភាពត្រឹមត្រូវតាមរយៈទិន្នន័យបង្ហាញចេញពី QR Code
- QR Code ពិតប្រាកដនឹងបង្ហាញព័ត៌មានក្នុងគេហទំព័រ ts.mpwt.gov.kh តែមួយគត់
- រាល់ព័ត៌មាននៅលើប័ណ្ណ ត្រូវតែដូចគ្នានឹងព័ត៌មានដែលបង្ហាញតាមរយៈការស្កេន QR Code
៣. លក្ខណៈពិសេសនៃ QR Code លើផ្លាកលេខយានយន្ត
- អត្តសញ្ញាណរបស់យានយន្តត្រូវបានបង្ហាញតាមរយៈការស្កេន QR Code លើផ្លាកលេខ
- ព័ត៌មានឯកជនភាពនៃម្ចាស់យានយន្តនឹងមិនបង្ហាញតាមរយៈ QR Code លើផ្លាកលេខឡើយ
- ផ្លាកលេខយានយន្តដែលមានកាលបរិច្ឆេទផលិតដូចខាងក្រោមត្រូវមាន QR Code
@ ផ្លាកលេខរថយន្ត ៖ ពីខែកក្កដា ២០១៧ ឡើងទៅ
@ ផ្លាកលេខយានយន្តផ្សេងៗទៀត ៖ ខែសីហា ឆ្នាំ ២០១៧ ឡើងទៅ