ចេញហើយ! Huawei បង្ហាញស្មាតហ្វូន Mate 30 ដែលពុំមានកម្មវិធីរបស់ Google ភ្ជាប់មកជាមួយឡើយ

(អាល្លឺម៉ង់)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei នាថ្ងៃព្រហស្បតិ៍នេះ បានបញ្ចេញស្មាតហ្វូនស៊េរីថ្មីចុងក្រោយគេនៃត្រកូល Mate ដែលជាលំដាប់កំពូល របស់ខ្លួន គឺ Mate 30 ប៉ុន្តែវាពុំមានកម្មវិធីរបស់ក្រុមហ៊ុន Google ដូចស្មាតហ្វូនមុនៗរបស់ Huawei ឡើយ ដោយសារតែបញ្ហានៃការរឹតត្បិតរបស់រដ្ឋាភិបាលអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNBC នៅ យប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ស៊េរីស្មាតហ្វូន Mate 30 របស់ Huawei ដែលត្រូវបានបង្ហាញខ្លួនក្នុងកម្មវិធីមួយនៅទីក្រុង Munich របស់អាល្លឺម៉ង់ នឹងដំណើរការ លើប្រព័ន្ធប្រតិបត្តិការ Android ប្រភេទជាលក្ខណៈបើកចំហរបស់ក្រុមហ៊ុន Google ពោលគឺ Huawei មិនមានសិទ្ធិប្រើ Version ចុងក្រោយរបស់ Android OS នៅលើពួកវាឡើយ ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ។

ហេតុដូចនេះ ក្រុមស្មាតហ្វូន Mate 30 នឹងមិនមានមកជាមួយនូវកម្មវិធីសំខាន់ៗរបស់ Google ដែលជាក្រុមហ៊ុនអាមេរិក ដូចជា Gmail, YouTube, Maps, ឬមួយក៏កម្មវិធីទាញយក App «Play Store» នោះទេ។ ជំនួសមកវិញ Huawei នឹងផ្តល់នូវកម្មវិធីសម្រាប់ទាញ យក App ដែលខ្លួនបានអភិវឌ្ឍឡើងដោយផ្ទាល់។

គួរជម្រាបថា រដ្ឋាភិបាលអាមេរិក បានកត់ឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម កាលពីខែឧសភាកន្លងទៅ ដែល ប្រការនេះតម្រូវឲ្យក្រុមហ៊ុនអាមេរិកទាំងអស់ មានអាជ្ញាប័ណ្ណពិសេស ទើបអាចលក់ផលិតផលឬសេវាកម្មបច្ចេកវិទ្យាឲ្យ Huawei បាន ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាង Huawei និង Google។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកក៏បាន សម្រេចកាលពីសីហា ផ្តល់ការលើកលែងបណ្តោះអាសន្នរយៈពេល៩០ថ្ងៃបន្ថែមទៀតដើម្បីឲ្យ Huawei បន្តការទិញពីក្រុមហ៊ុន អាមេរិកបានរហូតដល់ពាក់កណ្តាលខែវិច្ឆិកា ប៉ុន្តែអ្នកនាំពាក្យ Google បានបញ្ជាក់ថា វាមិនគ្របដណ្តប់លើផលិតផលថ្មីៗ ដូចជា Mate 30 នោះទេ។

ដោយឡែក ក្រុមហ៊ុន Huawei ក៏បានអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ (OS) របស់ខ្លួនផ្ទាល់ផងដែរ មានឈ្មោះថា HarmonyOS ដែលអាចដំណើរការលើផលិតផលបច្ចេកវិទ្យាជាច្រើនប្រភេទ រួមទាំងស្មាតហ្វូន ប៉ុន្តែ Huawei ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន នៅតែចង់បន្តប្រើ Android នៅលើផលិតផលរបស់ខ្លួន បើអាចទៅរួច៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ