រដ្ឋាភិបាលចិននឹងធ្វើការបញ្ចេញសាច់ជ្រូក ដើម្បីដោះស្រាយបញ្ហាការឡើងថ្លៃខ្លាំង និងការខ្វះខាតសាច់ជ្រូកដោយសារតែបញ្ហាជំងឺផ្តាសាយជ្រូក។
ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ នឹងធ្វើការបញ្ចេញសាច់ជ្រូកកកចំនួន ១០.០០០តោនពីកន្លែងស្តុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ។
ប្រទេសចិនដែលជាអ្នកផលិតសាច់ជ្រូក និងប្រើប្រាស់ធំបំផុតរបស់ពិភពលោក កំពុងជួបបញ្ហាក្នុងការទប់ស្កាត់ជំងឺផ្តាសាយជ្រូក។
ទីក្រុងប៉េកាំងបានសម្លាប់ជ្រូកជាង ១លានក្បាលដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្តាសាយជ្រូក។
បើតាមទិន្នន័យ តម្លៃសាច់ជ្រូកបានហក់ឡើង ៤៦,៧ភាគរយក្នុងខែសីហា ហើយដើម្បីធ្វើឲ្យតម្លៃសាច់ជ្រូកមានលំនឹង រដ្ឋនឹងធ្វើការបញ្ចេញសាច់ជ្រូកដែលនាំចូលពីប្រទេសដាណាមាក បារាំង អាមេរិច និងអង់គ្លេស ដើម្បីធ្វើការដេញថ្លៃ។
អ្នកដេញថ្លៃអាចទិញយកសាច់ជ្រូកបានត្រឹមតែ ៣០០តោនប៉ុណ្ណោះក្នុងមួយម្នាក់ៗ។
សូមបញ្ជាក់ថា សាច់ជ្រូកគឺជាអាហារដ៏សំខាន់ខ្លាំងបំផុតក្នុងប្រទេសចិន ដែលស្មើប្រមាណ ៦០ភាគរយនៃចំនួនសាច់ដែលត្រូវបានប្រើប្រាស់ទាំងអស់ក្នុងប្រទេស។ កាលពីឆ្នាំមុន ប្រទេសនេះបានផលិតសាច់ជ្រូកបានចំនួន ៥៤លានតោន៕