• រឿងទាំងនេះហើយ ដែលធ្វើឲ្យមន្ត្រីប៉ូលីសស្រុកគេមានតំលៃ ដែលយើងគួរយកគំរូតាម…!

    ធ្លាប់ស្តាប់រឿងនិទានមួយដែលបានបង្ហាញនៅលើសាច់រឿងកូរ៉េ ដែលនិយាយពីប៉ូលីសរបស់ប្រទេសអង់គ្លេស ដែលគេចាត់ទុកជាប៉ូលីសដែលមានវិន័យល្អ។ តើហេតុអ្វីបានប៉ូលីសស្រុកគេមានតំលៃ?

    «ថ្ងៃមួយនាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេស ចង់បើកឡានចេញក្រៅដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកបើកបរឡើយ។ ពេលគាត់បើកបរគាត់មិនបានមើលផ្លាកសញ្ញាល្បឿន គាត់បានបើកលើសល្បឿន ហើយក៏ត្រូវប៉ូលីសចរាចណ៍ដែលប្រចាំការនៅគោលដៅនោះហៅឲ្យឈប់ដើម្បីធ្វើការផាកពិន័យ។ ពេលនោះគាត់ឈប់ឡាន ហើយបើកកញ្ចក់ឡាន រួចសួរទៅប៉ូលីសនោះថា៖

    នាយករដ្ឋមន្ត្រី៖ លោកប៉ូលីសហេតុអ្វីហៅខ្ញុំឈប់ តើខ្ញុំខុសអី?

    ប៉ូលីស៖ ព្រោះលោកបើកឡាន លើសល្បឿនកំណត់

    នាយករដ្ឋមន្ត្រី៖ អូ! ព្រោះខ្ញុំមិនបានមើលផ្លាកសញ្ញា ណាមួយខ្ញុំប្រញាប់ទៅប្រជុំផង! សូមលើកលែងម្តងទៅ។

    ប៉ូលីស៖ ច្បាប់គឺច្បាប់ មិនអាចលើកលែងបានទេ បើខុសគឺត្រូវតែពិន័យ។

    នាយករដ្ឋមន្ត្រី៖ ចុះលោកមានស្គាល់ខ្ញុំថាជាអ្នកណាទេ?

    ប៉ូលីស៖ បាទខ្ញុំស្គាល់ លោកជានាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេសយើងនេះ។

    នាយករដ្ឋមន្ត្រី៖ ចុះបើដឹងហើយ ម្តេចលោកនៅហ៊ានពិន័យខ្ញុំទៀត មិនខ្លាចខ្ញុំដកលោកចេញពីក្របខ័ណ្ឌទេអី?

    ប៉ូលីស៖ ខ្ញុំធ្វើការតាមច្បាប់ លោកជានាយករដ្ឋមន្ត្រី គួរធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋទូទៅ មិនគួរមិនគោរពច្បាប់បែបនេះទេ។

    ស្តាប់រួចហើយលោកនាយករដ្ឋមន្ត្រីក៏ទទួលយកការផាកពិន័យ រួចក៏បើកឡានចេញទៅ។ លុះស្អែកឡើង គាត់ក៏បានផ្ញើរអុីម៉ែល ទៅកាន់មេប៉ូលីសខាងផ្នែកចរាចរណ៍ទាក់ទងនិងរឿងដែលគាត់ត្រូវគេផាកពិន័យកាលពីម្សិលមិញ។

    គាត់បានសរសេរតាមសារអុីម៉ែលថា៖ «កាលពីម្សើលមិញខ្ញុំបានបើកបរ ដោយមិនបានគោរពច្បាប់ ដោយបើកលើសល្បឿន ហើយត្រូវកូនចៅរបស់លោកធ្វើការផាកពិន័យ ទោះបីគាត់ដឹងថាខ្ញុំជានាយករដ្ឋមន្ត្រីក៏ដោយ។ នេះបញ្ជាក់ថាគាត់ជាប៉ូលីសដ៏ល្អមួយរូប ដែលគោរពច្បាច់វិន័យបានល្អ។ ខ្ញុំសូមសំនូមពរឲ្យលោកធ្វើការដំឡើងឋានៈជូនគាត់»

    គ្រាន់តែទទួលបានសារនោះភ្លាមមេប៉ូលីសខាងផ្នែកចរាចណ៍ ក៏បានតបសារទៅវិញដោយមិនបង្អង់យូរឡើយ។ ក្នុងសារនោះគាត់បានតបថា៖ «អរគុណលោកនាយករដ្ឋមន្ត្រីដែលបានយកចិត្តទុកដាក់ និងកោតសរសើរចំពោះមន្ត្រីប៉ូលីសរបស់យើង។ ចំពោះសំនូមពរដែលចង់តំឡើងឋានៈឲ្យមន្ត្រីរូបនោះ ខ្ញុំមិនអាចធ្វើបានទេ ព្រោះអ្វីដែលគាត់បានធ្វើវាជាភារៈកិច្ចរបស់គាត់ ដែលត្រូវធ្វើប្រចាំថ្ងៃ»

    ចំនុចនេះហើយដែលធ្វើឲ្យប៉ូលីសរបស់ប្រទេសអង់គ្លេសមានតំលៃ និងទទួលបានការគោរពពីប្រជាជន និងថ្នាក់ដឹកនាំទូទៅ។ សង្ឃឹមថាមន្ត្រីយើងមួយចំនួន យកច្បាប់ជាធំ គោរពច្បាប់វិន័យ និងធ្វើខ្លួនឯងឲ្យមានតំលៃដូចស្រុកគេផងចុះ៕

    អត្ថបទដោយ៖ ភារៈ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ