ព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងបានជេរប្រមាថស្ថាប័ននគរបាល តាមប្រព័ន្ធបណ្តាញសង្គម facebook ដែលមានអាខោន ឈ្មោះ សម្បត្តិ ប៉ាសុមាលី។
លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសរសេរលើផេកហ្វេសប៊ុកផ្លូវការថា នៅថ្ងែទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០០នាទី រសៀល កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងបានជេរប្រមាថស្ថាប័ននគរបាល តាមប្រព័ន្ធបណ្តាញសង្គម facebook ដែលមានអាខោន ឈ្មោះ សម្បត្តិ ប៉ាសុមាលី។
ជនសង្ស័យឈ្មោះ គង់ សម្បត្តិ ភេទប្រុស មានទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបមិនពិតប្រាកដ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងនីតិវិធីតាមនិតិវិធីច្បាប់។
បើតាមផេកហ្វេសប៊ុកឈ្មោះ សម្បត្តិ ប៉ាសុមាលី បានសរសេរថា “អាវុធហត្ថគឺខ្លាំងជាងអាប៉ូលិស ចាំតែទារលុយខុសរបៀប អ៊ីចឹងបើធ្វើការវិញ មិនទាន់ចិត្តទេ កងរាជអាវុធហត្ថលើផ្ទៃប្រទេសខ្លាំង…”៕