(ប៉ារីស)៖ ការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល A ដោយក្រុមខ្លាំងរបស់បារាំង Paris Saint Germain យកបាន ៣ពិន្ទុក្រោយបំបាក់ក្រុមខ្លាំងអេស្ប៉ាញ Real Madrid ដោយលទ្ធផល ៣-០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ គ្រាដែលកីឡាករខ្សែបម្រើប្រយុទ្ធ Di Maria រកបាន ២គ្រាប់ម្នាក់ឯង។
ក្រុមជើងឯកលីគបារាំង PSG ដែលដឹកនាំដោយលោក Thomas Tuchel អាចរកបាន ៣ពិន្ទុពីការប្រកួតជាមួយ ក្រុមលោក Zinedine Zidane ដោយកីឡាករសញ្ជាតិអាហ្សង់ទីន Di Maria រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី១៤ និងនាទី៣៣ ក្នុងតង់ទី១ មុនពេលមិត្តរួមក្រុម Thomas Meunier រកបានគ្រាប់ទី៣ នៅនាទីចុងម៉ោង ៩០+១ ខណៈក្រុមខ្លាំងអេស៉្បាញ គ្មានឱកាសស៊ុតចំគោលដៅគូប្រកួត សូម្បីតែ ១គ្រាប់។
សម្រាប់ការប្រកួតចាំពូល A ដែលមាន ៤ក្រុមក្នុងនោះ PSG បានឡើងឈរលើកំពូលតារាងបណ្តោះអាសន្ន ដោយមាន ៣ពិន្ទុ ក្រោយយកឈ្នះក្រុមខ្លាំង Real Madrid ដែលជាម្ចាស់ពាន ១៣សម័យកាល គ្រាដែលក្រុម Club Brugge និង Galatasaray បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុពីការប្រកួតស្មើគ្នា ០-០៕