ខេត្តស្វាយរៀង៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខ នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារ នៅក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន ១៥ ស្តង់ និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២៦គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញចំនួន ៧ស្តង់បានដាក់លក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងសាដក។
មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕