ហ្វីលីពីន៖ ដើម្បីសម្អាតកាកសំណល់ប្លាស្ទិកក៏ដូចជាលើកកម្ពស់បរិស្ថាន អាជ្ញាធរប្រចាំក្រុង Muntinlupa នៃប្រទេសហ្វីពីពីន បានដាក់ចេញនូវវិធានការលើកទឹកចិត្តប្រជាពលរដ្ឋជាពិសេសមួយគឺ ប្រមូលកាកសំណល់ប្លាស្ទិចដើម្បីប្តូរយកអង្ករ។ គោលការលើកទឹកចិត្ត ត្រូវបានផ្ដើមអនុវត្តដំបូងគេនៅក្នុងភូមិ Bayanan ដែលជាតំបន់មួយសម្បូរសំរាមជាងគេនៅក្នុងក្រុងខាងលើនេះ។ អាជ្ញាធរនឹងផ្តល់ជូនអង្ករ ១ គីឡូក្រាមជាថ្នូរនឹងការដូរយកកាកសំណល់ប្លាស្ទិកចំនួន ២ គីឡូក្រាមពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹងគោលការណ៍ខាងលើនេះ ហើយពួកគេក៏បានចូលរួមយ៉ាងសកម្មផងដែរ។
ជាលទ្ធផលរហូតមកទល់នឹងពេលនេះគេបានប្រមូលកាកសំណល់ប្លាស្ទិកបានចំនួន ២១៣ គីឡូក្រាមហើយ ហើយអាជ្ញាធរនឹងយកសំរាមទាំងនេះទៅកែច្នៃប្រើឡើងវិញ ឬយកវាទៅបំផ្លាញចោលនៅកន្លែងឆ្ងាយៗដែលគ្មានផលប៉ះពាល់ដល់បរិស្ថាន។ អាជ្ញាធរប្រចាំតំបន់ខាងលើបានប្រាប់អ្នកសារព័ត៌មានថា គេនឹងបន្តអនុវត្តគោលការណ៍ខាងលើនេះទៅកាន់តំបន់ផ្សេងៗទៀតដែលសម្បូរសំរាម ធ្វើយ៉ាងណាគឺធានាឲ្យបាននូវបរិស្ថានស្អាតសម្រាប់ប្រជាបលរដ្ឋរស់នៅ និងសង្គមទាំងមូលផងដែរ៕