• ស្វាយរៀង ប៉ះ​ភ្នំពេញក្រោន ក្នុង​ពាន​សម្តេច​ស្អែកនេះ គ្រា​ដែល​គ្រូ និង​ប្រធាន​ក្រុម សុទ្ធតែ​រំពឹង​ធ្វើបាន​ល្អ

    (ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង និងប្រធានក្រុម នេន សុធារដ្ឋ ព្រមទាំងលោក ស៊ុំ វណ្ណា គ្រូបង្គោលស្ដីទីភ្នំពេញក្រោន និងប្រធានក្រុម សុខ សុវណ្ណ សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍យ៉ាងមុតមាំ មុនក្រុមទាំងពីរប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា នៅកីឡដ្ឋានជាតិ នាម៉ោង ១៨៖០០នាទីល្ងាច។

    សម្រាប់លោក ស៊ុំ វណ្ណា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ថា «សម្រាប់ខ្ញុំមានកីឡាកររបួសដល់ទៅ ៦នាក់ក្នុងក្រុមជាហានិភ័យខ្ពស់។ ពៅ ប៉ុនវុទ្ធី និង ជួន ចាន់ចាវ រួមជាមួយកីឡាករ ៣-៤នាក់ផ្សេងទៀតស្ថិតក្នុងការប្រឈមមិនអាចលេងបាន ៩០នាទីបាន»។

    លោកថា ចំពោះក្រុមទាំង៤ ដែលឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ មិនមែនជាក្រុមតូចតាចទេ គឺសុទ្ធតែជាក្រុមធំទាំងអស់ និងសុទ្ធតែមានមនសិការរៀងខ្លួន ដើម្បីរៀបចំក្រុមបានល្អប្រសើរដណ្តើមជ័យជម្នះ។

    តែមកដល់ពេលនេះកីឡាករខ្មែរលេងជាមួយកីឡាករខ្មែរដូចគ្នាតែម្តង បានន័យថា ៥០ភាគរយដូចគ្នា បើសិនជាក្រុមណាមានឱកាស ឆន្ទៈខ្ពស់ក្នុងទីលានក្រុមនោះនឹងក្លាយជាអ្នកឈ្នះ។ ក្រុមយើងបានរៀបចំរួចជាស្រេច ហើយខាងគេក៏បានរៀបចំដូចគ្នា ប៉ុន្តែអ្វីសំខាន់នោះគេ៩០នាទីលើទីលាន។ កន្លែងនេះសម្រាប់ក្លឹបក្រោន គឺយើងប្តូរអស់ហើយទាំងកីឡាករ និងក្រុមការងារ មិនអាចឲ្យរបូតបាននោះទេ។ ទោះជាយ៉ាងណាក៏យើងប្តូរជ័យជម្នះសម្រាប់លើកតម្កើងក្រុមរបស់យើងឲ្យល្អប្រសើរ ដើម្បីឈានទៅវគ្គបន្តទៀត។

    រីឯប្រធានក្រុម សុខ សុវណ្ណ បាននិយាយថា បរាជ័យពេលលេងជាមួយគិរីវង់សុខសែនជ័យកាលថ្ងៃអាទិត្យ ទី១៥ ខែកញ្ញាកន្លងទៅ មិនប៉ះពាល់ដល់អារម្មណ៍សមាជិកក្រុមឡើយ និងថាគ្រប់គ្នាផ្ដោតលើការប្រកួតដ៏សំខាន់ចំពោះមុខ។ ដូច្នេះកីឡាករទាំងអស់នឹងប្រឹងប្រែងដណ្ដើមជ័យជម្នះឲ្យបាន។

    ទាក់ទងទៅនិងសម្តីរបស់គ្រូបង្វឹកជនជាតិអៀរឡង់ លោក Conor Nestor រៀបរាប់ពីបញ្ហាក្នុងក្រុមខ្លះៗផងដែរថា «បន្ទាប់ពីវិលពីការប្រកួតជាមួយបាទីមក កីឡាករយើងមួយចំនួនមានបញ្ហារបួស ហើយកីឡាករខ្លះដែលវិលពីជម្រើសជាតិក៏មានរបួសខ្លះៗដែរ ដូចឥឡូវហ្នឹងមានសឿយ វិសាល, សុខ សំណាង, ប្រាក់ មុន្នីឧត្តម ហើយគន្ធា រ៉ាវ៉ាន់ ក៏អវត្តមានរហូតដល់ដាច់រដូវកាលទៀត តែអ្នកនៅសល់បានហ្វឹកហាត់ជុំគ្នាល្អមែន»។

    គួរដឹងដែរថា ប្រធានក្រុម នេន សុធារដ្ឋ យល់ឃើញថា ការប្រកួតជាមួយភ្នំពេញក្រោន នឹងក្លាយជាជំនួបដ៏តានតឹង ព្រោះគូប្រជែងមួយនេះជាក្រុមដ៏ល្អ តែយ៉ាងណា សមាជិកគ្រប់រូបបានរៀបចំក្រុមយ៉ាងខ្ជាប់ខ្ជួនអស់ហើយ ហើយនឹងស្វែងរកចំណុចខ្លាំងចំណុចខ្សោយរបស់គូបដិបក្ខដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ