រដូវភ្ជុំបិណ្ឌបានឈានចូលមកដល់ បងប្អូនប្រជាពលរដ្ឋតែងនាំចង្ហាន់យកទៅប្រគេនព្រះសង្ឃតាមទីវត្តអារាមជិតឆ្ងាយ។ សង្កេតឃើញថាចាប់ពីបិណ្ឌ១ មកដល់បិណ្ឌ៤នេះ ប្រជាជនខ្មែរជាច្រើនរូបបានប្រណិបត្តិយ៉ាងខ្ជាប់ខ្ជួននៅពិធីកាន់បិណ្ឌ ដោយវត្តមួយចំនួនដែលមានទីតាំងនៅក្នុងក្រុងគឺមានចង្ហាន់យ៉ាងហូរហៀ ដោយឡែកវត្តមួយចំនួនដែលស្ថិតនៅឯខេត្តឆ្ងាយៗ និងតំបន់ដាច់ស្រយាលគឺហាក់មានតិចតួចទៅតាមតំបន់។
ដើម្បីកុំឲ្យមានខ្ជះខ្ជាយចំណីអាហារដ៏ច្រើនលើសលប់ដែលទទួលបានពីញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ព្រះអង្គគ្រូ សីលវង្សា ព្រហ្ម សុភី ដែលគង់នៅវត្តពោធិវ័ន បានដឹកនាំព្រះសង្ឃក្នុងវត្តចុះចែកអាហារជូនដល់អ្នកជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ យោងតាមប្រភពព្រះតេជគុណ នុន ណារ៉ុង បានរៀបរាប់ឲ្យដឹងថា៖ «វត្តពោធិវ័ន សង្កាត់ស្នោរ ខណ្ឌកំបូល ក្រុងភ្នំពេញ! ក្រោមការដឹកនាំរបស់ព្រះអង្គគ្រូ សីលវង្សា ព្រហ្ម សុភី និង ខ្ញុំព្រះករុណាអាត្មា នុន ណារ៉ុង បាននាំយកបាយម្ហូបទៅចែកជូនដល់អ្នកជម្ងឺញាតិញោមនៅពេទ្យគន្ធបុប្ផា»៕