កោះតៃវ៉ាន់ នៅថ្ងៃច័ន្ទម្សិលមិញនេះបានចោទប្រកាន់ចិនថាព្យាយាមជ្រៀតជ្រែក ចូលក្នុងកិច្ចការបោះឆ្នោតរបស់ខ្លួន ក្រោយពេលកោះសូលូមុន (Solomon) បានកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងក្រុងតៃប៉ិ។
កោះសូលូមុនគឺជាប្រទេសទី ៦ ហើយដែលបានផ្លាស់ប្តូរជំហរមកគាំទ្រចិន ចាប់តាំងពីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ចូលកាន់ដំណែងក្នុងឆ្នាំ ២០១៦។ តៃវ៉ាន់ នឹងធ្វើការបោះឆ្នោតសារជាថ្មីនៅក្នុងខែមករាខាងមុខ។
បច្ចុប្បន្ន កោះតៃវ៉ាន់ មានទំនាក់ទំនងជាផ្លូវការជាមួយប្រទេសចំនួន ១៦ប៉ុណ្ណោះ ដែលប្រទេសទាំងនោះភាគច្រើនជាប្រទេសតូច និងប្រទេសអភិវឌ្ឍន៍តិច នៅអាមេរិចកណ្តាល និងប៉ាស៊ីហ្វិច។
ចិនចាត់ទុកតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយចិនប្រកាសថា តៃវ៉ាន់គ្មានសិទ្ធិបង្កើតទំនាក់ទំនង ជាមួយនឹងប្រទេសផ្សេងឡើយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកស្រី Tsai Ing-wen បាននិយាយថា តៃវ៉ាន់ដាច់ខាតមិនឱនក្បាលចំពោះការដាក់សម្ពាធរបស់ចិនឡើយ ហើយអ្នកស្រីបានចាត់ទុកការសម្រេចចិត្តរបស់កោះ សូលូមុន ក្នុងការផ្តាច់ទំនាក់ទំនងជាមួយនឹងតៃវ៉ាន់ គឺជាភស្ថុតាងបង្ហាញថា ចិនកំពុងព្យាយាមជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតរបស់តៃវ៉ាន់ នៅខែមករា ខាងមុខ។
អ្នកស្រីថ្លែងថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបន្តប្រើប្រាស់ហិរញ្ញវត្ថុ និងសម្ពាធនយោបាយ ដើម្បីដាក់សម្ពាធលើលំហរអន្តរជាតិរបស់តៃវ៉ាន់”។
“ខ្ញុំចង់បញ្ជាក់ថា តៃវ៉ាន់នឹងមិនចូលរួមក្នុងការទូតដុល្លារជាមួយនឹងចិន ដើម្បីផ្គាប់ចិត្តការទាមទារដែលគ្មានហេតុផលឡើយ”។
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បានថ្លែងថា ទីក្រុងតៃប៉ិ នឹងធ្វើការបិទស្ថានទូតរបស់ខ្លួននៅកោះ សូលូមុន និងហៅអ្នកការទូតរបស់ខ្លួនត្រឡប់មកវិញ៕