អង់គ្លេស នឹងបន្តអនុគ្រោះពន្ធដល់ កម្ពុជា ទោះបីជាបានចាកចេញ ពីសហភាពអឺរ៉ុបក៏ដោយ

(ភ្នំពេញ)៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសជំហរថា ខ្លួននឹងនៅតែបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា នៅពេលដែលអង់គ្លេសចាកចេញ ពីសហភាពអឺរ៉ុបជាផ្លូវការ។ នេះបើតាមលោកស្រី Heather Wheeler MP អនុរដ្ឋលេខាធិការសភា (Parliamentary Under-Secretary of State) និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៉ី និងប៉ាស៉ីហ្វិក នៃក្រសួងការបរទេស ចក្រភពអង់គ្លេស។

មន្ត្រីការទូតជាន់ខ្ពស់អង់គ្លេស បានអះអាងបែបនេះ ក្នុងឱកាសដែលលោកស្រី បានជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

ក្រោយជំនួបនេះ, លោក មាស គឹមហេង អនុរដ្ឋលេខាធិការ ក្រសួងការបរទេស បានស្រង់សម្តីមន្ត្រីការទូតអង់គ្លេស ដែលបានថ្លែងនៅចំពោះ ប្រមុខការទូតកម្ពុជាថា បើប្រទេសលោកស្រីចាកចេញ ពីសហភាពអឺរ៉ុបដោយជោគជ័យនោះ អង់គ្លេសនឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ដល់ប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ផ្សេងទៀតផងដែរ។

លោក មាស គឹមហេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកស្រី Wheeler បានបញ្ជាក់ឡើងវិញដែរ នៅពេលខាងមុខនេះអង់គ្លេស នឹងអាចចាកចេញពីសហភាពអឺរ៉ុប ប៉ុន្តែលោកស្រីបានធ្វើការគូសបញ្ជាក់ថា អង់គ្លេសនៅតែផ្តល់ការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជានិងប្រទេស ដែលមានការអភិវឌ្ឍតិច ទាំង៤៨ប្រទេស គឺអង់គ្លេសនៅតែបន្តផ្តល់ដដែល»។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានឱ្យដឹងទៀតថា ទំនិញដែលកម្ពុជានាំចេញទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង និងកង់ជិះផងដែរ ខណៈដែលការនាំចេញ ត្រូវបានគិតជាទំហំទឹកប្រាក់ មានប្រមាណជាង ១ពាន់លានដុល្លារអាមេរិក។ លោកថ្លែងដែរថា ការផ្តល់ប្រព័ន្ធនុគ្រោះពន្ធ ពីប្រទេសមហាអំណាចអង់គ្លេស នឹងក្លាយជាការរួមចំណែក ជួយអភិវឌ្ឍន៍កម្ពុជា ហើយកម្ពុជានឹងទទួលបានផលប្រយោជន៍ បន្ថែមទៀតកាន់តែច្រើនឡើង។

«ប្រសិនបើគាត់ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាយើងនោះ យើងនឹងទទួលបានប្រយោជន៍ ដោយសារប្រទេសអង់គ្លេសបច្ចុប្បន្ននេះ នៅក្នុងសហគមន៍អឺរ៉ុប បន្ទាប់ពីអាល្លឺម៉ងមក គឺអង់គ្លេសជាប្រទេសទី២ហើយ ដែលយើងនាំចេញទៅអឺរ៉ុប គឺអាល្លឺម៉ង់ហ្នឹង គឺជាង១ពាន់លានដុល្លារ ទៅអង់គ្លេសហ្នឹង ក៏ជាង១ពាន់លានដុល្លារដែរ»។ នេះជាការបញ្ជាក់បន្ថែមពី លោក មាស គឹមហេង។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលើកឡើងរបស់លោកស្រី Wheeler ។ លោកថ្លែងថា អង់គ្លេស បានជួយជាច្រើនដល់ការអភិវឌ្ឍ និងកសាងកម្ពុជា ជាពិសេសបានផ្តល់ជំនួយផ្សេងៗជាច្រើន ដូចជា ខាងវិស័យអប់រំ ការដោះមីន និងសាលាក្តីខ្មែរក្រហមជាដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ