ភ្នំពេញ ៖ បុរសពិការភាពម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងក្មេងប្រុសសិស្សសាលាម្នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ឈ្មោះ ហ៊ីម ហាយ គីមម៉ាស់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ។ ឆេះផ្ទះថ្មក្រោមឈើលើប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ គុណ១២ម៉ែត្រ អស់ចំនួន៤ខ្នង និងឆេះរោលផ្ទះថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ០៦ម៉ែត្រ គុណ១២ម៉ែត្រ ចំនួន២ខ្នង (ឆេះអស់៥០ភាគរយ)។ មូលហេតុបង្កឡើងដោយមនុស្ស។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍ អគ្គិភ័យឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្សប្រុសម្នាក់ ឈ្មោះ ហ៊ីម ប៉ាសារី អាយុ២៥ឆ្នាំ ពិការជើង មុខរបរនៅផ្ទះ និងម្នាក់ទៀតរងរបួសស្រាល ឈ្មោះ សៃ ភូឡោះ អាយុ១៥ឆ្នាំ មុខរបរសិស្ស។
អ្នកដឹងហេតុការណ៍បញ្ជាក់ថា គ្រោះអគ្គីភ័យនេះកើតឡើងដោយមានមនុស្សលេងភ្លើងបណ្តាយឲ្យឆេះផ្ទះតែម្តង។ ប្រភពមួយផ្សេងទៀត បាននិយាយថា មានមនុស្សញៀនថ្នាំម្នាក់ បានសុំលុយឪពុកម្តាយ ដើម្បីទៅទិញថ្នាំញៀន ប៉ុន្តែពួកគាត់មិនឲ្យ ហើយស្រាប់តែមួយសន្ទុះ ក៏មានភ្លើងឆេះផ្ទះតែម្តង ដែលប្រភពនោះ បានបញ្ជាក់ថា សង្ស័យតែកូនម្ចាស់ផ្ទះនោះ ខឹងឪពុកម្តាយមិនឲ្យលុយទិញថ្នាំញៀន ក៏ខឹងដុតផ្ទះចោលតែម្តង។ កំលាំងអាជ្ញាធរខណ្ឌឬស្សីកែវរួមទាំងរថយន្តពន្លត់អគ្គីភ័យចំនួន១៦ គ្រឿងក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុនOCIC ចំនួន៦គ្រឿង,រថយន្តរបស់បុរីវិមានភ្នំពេញចំនួន២គ្រឿង, រថយន្តរបស់ក្រុមហ៊ុនប្រេងឥន្ទនៈកម្ពុជាតេលាចំនួន១គ្រឿង,និងរថយន្តរបស់ សាលាខណ្ឌឬស្សីកែវចំនួន១គ្រឿង បានចេញអន្តរាគមភ្លាមៗដើម្បីជួយសង្គ្រោះ ទើបអាចគ្រប់គ្រងស្ថានការនៃគ្រោះអគ្គីភ័យនេះបានទាំងស្រុងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃដដែល។
ក្នុងរយះពេលថ្មីៗនេះ គ្រោះអគ្គីភ័យបានកើតមានឡើងផ្ទួនៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលផ្តើមចេញពីការធ្វេសប្រហែស។
លោកជិន ប៊ុនធឿន នាយកប្រត្តិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានអោយដឹងកាលពីព្រលប់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយលោក មាន ចាន់យ៉ាដា អនុប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះរងគ្រោះដោយសារអគ្គីភ័យ៕