មេដឹកនាំហុងកុង អ្នកស្រី Carrie Lam បាននិយាយនៅថ្ងៃអង្គារនេះថា អ្នកស្រីនឹងចូលរួមដោយផ្ទាល់ជាមួយនឹងក្រុមការងារ ក្នុងកិច្ចពិភាក្សាសាធារណៈជាមួយនឹងសហគមន៍ នៅសប្តាហ៍ក្រោយ។ នៅពេលជាមួយគ្នានេះដែរ អ្នកស្រីក៏បានស្នើឲ្យបញ្ចប់អំពើហឹង្សា ដែលកំពុងតែញាំញីទីក្រុងអស់រយៈពេលជាង ៣ខែមកហើយ។
អ្នកស្រីថ្លែងថា កិច្ចពិភាក្សានៅជុំទី ១ នឹងត្រូវធ្វើនៅសប្តាហ៍ក្រោយ ហើយកិច្ចសន្ទនានោះនឹងត្រូវបើកចំហ ដែលអាចឲ្យសាធារជនចុះឈ្មោះចូលរួមរួមបាន។
ចលនាប្រជាជនហុងកុងប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន ដែលអនុញ្ញាតឲ្យមានការបញ្ជូនជនសង្ស័យ ពីហុងកុង ទៅធ្វើការកាត់ទោសនៅចិនបាន បានប្រែក្លាយមកជាចលនាប្រឆាំងនឹងរដ្ឋាភិបាល ដែលចលនានោះទាមទារឲ្យមានសេរីភាព និងប្រជាធិបតេយ្យជាងមុន។
កាលពីខែមុន អ្នកស្រី Carrie Lam ដែលរងសម្ពាធខ្លាំងពីក្រុមបាតុករ បានប្រកាសបោះបង់ចោលច្បាប់ធ្វើបត្យាប័ន ទោះយ៉ាងណាវា គ្រាន់តែជាការទាមទារមួយចំណុចប៉ុណ្ណោះ ក្នុងចំណោមការទាមទារ ៥ចំណុចរបស់ក្រុមបាតុករ។
សូមបញ្ជាក់ថា ចាប់តាំងពីមានការធ្វើបាតុកម្មពីពាក់កណ្តាលខែមិថុនាមក មនុស្សចំនួន ១.៤០០នាក់ត្រូវបានចាប់ខ្លួន៕