ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ ក្រោយពីក្រុមជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ ចូលទៅវាយគំរាម និងប្លន់យកប្រាក់ នៅកន្លែងទទួលភ្ញៀវ ក្នុងក្លឹបខារ៉ាអូខេយីហោ បុកឃីងហូមផាលេស នៅជាប់របងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា បទល្មើសខាងលើនេះ បានកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
លោកបន្តថា បទល្មើសនេះ គឺនោះក្រុមជនសង្សុ័យបានគំរាមប្រមូលយកលុយពីបុគ្គលិកផ្នែកគិតលុយបានចំនួន ២.០០០$(ពីរពាន់ដុល្លារ) រួចក៏រត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។
លោក ហេង ប៊ុនទី ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ជនជាតិចិនមួយក្រុមនោះ បានធ្វើសកម្មភាពចូលទៅកន្លែងទទួលភ្ញៀវ ក្នុងក្លឹបកម្សាន្តខារ៉ាអូខេ កើតហេតុខាងលើ ហើយបានប្រើហិង្សា ទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុស ឆ្នាំកំណើត ០២.០៦.១៩៩០ មុខរបបុគ្គលិក ផ្នែកចិតផ្លែឈើ ហើយបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០$(ពីរពាន់ដុល្លារ)រួចគេចខ្លួនបាត់ តាមរថយន្តម៉ាកឡិចស៊ីស៥៧០ពណ៌ខ្មៅ មិនចាំផ្លាកលេខ។
យ៉ាងនេះក្តី ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះស្រាវជ្រាវចាប់ខ្លួនក្រុមជនជាតិចិន ដែលសង្ស័យប្រព្រឹត្តិបទល្មើសខាងលើនេះបានចំនួន៦នាក់ យកមកសាកសួរ ដើម្បីឈានទៅកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោស។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បន្តចុះស្រាវជ្រាវរកសាវតារ ឬអត្តសញ្ញាណ ដើម្បីឈានទៅនីតិវិធីច្បាប់ជាបន្តទៀត៕