• Ronaldo ស្រក់ទឹកភ្នែក នឹកឪពុកដែលបានស្លាប់កាលពីជាង ១៤ឆ្នាំមុន

    អំឡុង​កិច្ច​សម្ភាស​រយៈពេល​មួយ​ម៉ោង​ជាមួយ​លោក Piers Morgan ខ្សែប្រយុទ្ធ​ក្រុម Juventus រូបនេះ​បានឃើញ​ខ្សែ​វីដេអូ​មួយ​របស់លោក Jose Dinis Aveiro និយាយ​ពី​មោទកភាព​ដែលមាន​ចំពោះ​កូនប្រុស​របស់លោក​។ លោក Jose Dinis Aveiro ជា​ឪពុក​បង្កើត​របស់ Ronaldo ប៉ុន្តែ​លោក​ទទួលមរណភាព​ទៅហើយ​កាលពី​១៤​ឆ្នាំមុន​។​

    Ronaldo បាន​បាត់បង់​ឪពុក​តាំងពី​នៅ​លេង​ឲ្យ Manchester United ម្ល៉េះ ពោលគឺ​តាំងពី​រូបគេ​នៅមាន​អាយុ ២០​ឆ្នាំ​ប៉ុណ្ណោះ​។ លោក Jose Dinis បាន​ស្លាប់​នៅ​អាយុ ៥២​ឆ្នាំ​ដោយសារ​ជំងឺថ្លើម ព្រោះ​លោក​ជា​មនុស្ស​ញៀន​ស្រា​។​

    ​ក្រោយ​ឃើញ​វីដេអូ​នោះ​ភ្លាម ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ញា​តិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ទប់​អារ​ម្ម​ណ៏​មិន​ជាប់ ហើយ​ទឹកភ្នែក​ក៏​ស្រក់​ហូរ​មក​។ Ronaldo រៀបរាប់ថា ឪពុក​របស់ខ្លួន​មិនបាន​ឃើញ​សមិទ្ធិផល​ដ៏​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​អាជីព​កីឡាបាល់ទាត់​របស់គេ​ឡើយ​។​

    «​ខ្ញុំ​មិនដែល​ឃើញ​វីដេអូ​នេះ​ទេ​។ ខ្ញុំ​មិនដែល​ឃើញ​នោះទេ​។ មិនគួរ​ឲ្យ​ជឿ​»​។ Ronaldo និយាយ​ទាំង​អួលដើមក និង​ហូរ​ទឹកភ្នែក​។​

    ​នៅពេល​សួរថា​តើ​មាន​អារម្មណ៍​យ៉ាងណា​ពេល​ស្តាប់​ឪពុក​និយាយ​ពី​មោទកភាព​របស់​កូន​បែបនេះ​។ អតីត​សមាជិក​ក្រុម Real Madrid ឆ្លើយថា​៖« បាទ​! តាមពិតទៅ មុននេះ​ខ្ញុំ​គិតថា នេះ​ជា​បទ​សម្ភាស​បែប​លេងសើច​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​ពិតជា​មិន​នឹកស្មានថា​ខ្ញុំ​យំ​នោះទេ​។ ខ្ញុំ​មិនដែល​ឃើញ​រូបភាព​ទាំងនេះ​ទេ​។ ខ្ញុំ​មិនដឹងថា​អ្នក​បាន​វាពី​ទីណា​ទេ … តែ​ខ្ញុំ​ត្រូវតែ​យក​វា​ទៅ​បង្ហាញ​ក្រុមគ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​មិន​ស្គាល់​ឪពុក​ខ្ញុំ​ច្បាស់ ១០០​ភាគរយ​ឡើយ ព្រោះ​គាត់​ជា​មនុស្ស​ប្រមឹក​។ ខ្ញុំ​មិនដែល​បាន​និយាយ​ជាមួយ​គាត់​ស្រួលបួល​ទេ​។ វា​ពិបាក​ណាស់​»​។​

    Ronaldo ដែល​សព្វថ្ងៃ​មាន​វ័យ​៣៤​ឆ្នាំ បាន​ផ្លាស់​ពី Sporting Lisbon ទៅ Man United នៅ​ឆ្នាំ​២០០៣​។ នៅ Old Trafford បានតែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ឪពុក​ក៏​ទទួលមរណភាព ដូច្នេះហើយ​ទើប​ខកខាន​មិនបាន​ឃើញ​កូន​លើក​ពាន​កម្រិត​កំពូល​លំដាប់​ពិ​ភល​លោក​ជាច្រើន​ក្នុង​អាជីព​មួយ​នេះ​។​

    Ronaldo ស្គាល់​ពានរង្វាន់​ជាច្រើន ដោយ​ក្នុង​នោះពាន​ធំៗ​មានដូចជា Champions League ចំនួន​៥​លើក Ballons d’Or ៥​សម័យ និង​ជួយ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​លើក​ពាន Euro ឆ្នាំ ២០១៦ នៅ​បារាំង រួមទាំង​ពាន Nations League មួយ​លើក​ផង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ