• លោក ផែង វណ្ណៈ៖ «ម្ចាស់សាឡង់បេីកបុកសរសរស្ពាន​ មិនទាន់ឃេីញនគរបាលចាប់វ៉ៃខ្នោះនៅឡេីយទេ ចំណែក​ចោរលួចផ្លែស្វាយ​២០​ ដង​ ចាប់វ៉ៃខ្នោះបានហេីយ បងប្អូន​ពិចារណា​ទៅមេីល​ តេីទំហំខូចខាតមួយណាធំជាង​ ?»

    បន្ទាប់ពីផ្ទុះព័ត៌មាន ឃាត់ខ្លួនបុរសម្នាក់ ក្រោយលួចបេះផ្លែស្វាយចំនួន២៤ផ្លែ និងធ្វើសកម្មភាពលួចនេះប្រហែលជាង២០លើក ស្រាប់តែពេលនេះលោកផែង វណ្ណៈ បានសួរថា៖ “ម្ចាស់សាឡង់ដឹកខ្សាច់បេីកបុកសរសរស្ពានព្រែកតាមាក់​ មិនទាន់ឃេីញនគរបាលខេត្តកណ្ដាលចាប់វ៉ៃខ្នោះនៅឡេីយទេ​ ។ ចំណែក​ចោរលួចផ្លែស្វាយ​ ២០​ ដង​ ចាប់វ៉ៃខ្នោះបានហេីយ​ ។ បងប្អូន​ពិចារណា​ទៅមេីល​ តេីទំហំខូចខាតមួយណាធំជាង​ ?”

    សូមជម្រាបជូនថា៖ កាលពីថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៣ និង៣០នាទី រសៀល នៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ រួមដំណើរដោយប្រពន្ធ និងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើង បានបើកបុកសសរស្ពានទី៨នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ (ស្ថិតនៅចន្លោះសសរស្ពានសម្រាប់ធ្វើនាវាចរណ៍) ដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀតមានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង ហើយត្រូវបានជួយសង្គ្រោះដោយទូកនេសាទរបស់បងប្អូនខ្មែរឥស្លាម។

    សាឡង់ដឹកខ្សាច់នោះពាក់ផ្លាកលេខ ភព៦. ៨២៦៣ សំបកដែក ម៉ាស៊ីនម៉ាកMitsubishi មានបណ្តោយ ប្រវែង៤៣.៣០ម៉ែត្រ ទទឹង៨.០៥ ម៉ែត្រ ជម្រៅផ្ទុកខ្សាច់ពេញ ២.៥០ម៉ែត្រ តាមការប៉ាន់ស្មានមានទម្ងន់ សរុបប្រហែល៨០០តោន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ង៉ូវ ចាន់ណា បានចុះបញ្ជីការនៅក្រសួងសាធារណការ និងដឹកជញ្ជូននៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០៕

    ព័ត៌មានលំអិតចោរលួចស្វាយ៖ កាលពីពេលថ្មីៗនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពលួច​បេះផ្លែស្វាយ ដែលករណីនេះកេីតហេតុថ្ងៃសៅរ៍១ រោច​ខែ​ភទ្របទ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី១៤.០៩.២០១៩​ វេលា​ម៉ោង​២១:៣០​នាទីនៅ ចំណុចចំការស្វាយឈ្មោះស៊ុនសុខណា ភូមិកោះតេជោ ឃុំ​គគីរធំ ស្រុកកៀនស្វាយ ខេត្ត​កណ្ដាល​។ ជនសង្ស័យមានឈ្មោះ​ ទន់ វី ភេទ​ប្រុសអាយុ​២៧ឆ្នាំ ​ជនជាតិ​ ខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ មានទី​លំនៅភូមិ-ឃុំកើតហេតុ(ឃាត់​ខ្លួន​)​ វត្ថុ​តាង​ចាប់​យក​មានទូកឈើ ១គ្រឿងប្រវែង៧.៨០ម៉ែត្រទទឹង១ម៉ែត្រ (មានច្រវ៉ា១ ចែវ១) ,ផ្លែស្វាយចំនួន២៤ផ្លែ, ទូរស័ព្ទអិនចុចពិលពណ៌ខ្មៅ០១គ្រឿង ,ពិលពាក់ក្បាល១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

    ជនរងគ្រោះបានទៅចាំឃ្លាំមើលចោរលួចបេះផ្លែស្វាយ។ ពេលនោះបានឃើញជនសង្ស័យជិះទូកដោយមានពិលពាក់នៅក្បាលសំដៅមកចំការស្វាយរបស់ខ្លួន រួចធ្វើសកម្មភាពបេះផ្លែស្វាយយកទៅដាក់លើទូក ពេលនោះជនរងគ្រោះបានស្ទុះទៅចាប់យកផ្លែស្វាយដាក់លើទូក រួចអុំទូកមកផ្ទះនិងបានទៅប្រាប់ឪពុកជនសង្ស័យថា “កូនពូឯងលួចបេះស្វាយខ្ញុំ” បន្ទាប់មកក៏បានទៅរាយការណ៍ប្រាប់លោកមេភូមិ ។ លុះដល់ថ្ងៃទីថ្ងៃ១៥.០៩.២០១៩ វេលាម៉ោង៧.០០នាទីជនរងគ្រោះបានមកប្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ។

    ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកប៉ុស្តិដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចបេះស្វាយរបស់ ជនរងគ្រោះប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពលួចបេះផ្លែស្វាយប្រជាពលរដ្ឋក្នុងភូមិកោះតេជោប្រហែលជាង២០លើកមកហើយនិងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ។ ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ