ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីម៉ោង ១១ និង៥៧នាទី ថ្ងែទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីប្លន់ប្រដាប់អាវុធមួយករណី បានកើតឡើងនៅក្នុងក្លឹបកម្សាន្ត ខារ៉ាអូខេ មានឈ្មោះ “បុកឃីងហូមផាលីស” មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺជាប់របងមន្ទីរសុខាភិបាលថ្មី។
សមត្ថកិច្ចបន្តថា បទល្មើសខាងលើនេះ បង្កឡើងដោយជនជាតិចិនមានគ្នាប្រហែលចន្លោះចាប់ពី ៧នាក់ ទៅ១០នាក់ បានចូលមកកន្លែងទទួលភ្ញៀវ ហើយបានប្រើហិង្សាទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩០ កាន់លិខិតឆ្លងដែន EE២២៩៣១៣៨ មុខរបបុគ្គលិកផ្នែកចិតផ្លែឈើ នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងពេលធ្វើសកម្មភាព ជនសង្ស័យទាំងនោះ ក៏បានប្រមូលយកលុយពីបុគ្គលិកផ្នែកគិតលុយអស់ចំនួន ២.០០០$(ពីរពាន់ដុល្លារ) រួចគេចខ្លួនបាត់តាមរថយន្តម៉ាកលុច្សសុីស ៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខមួយគ្រឿង ដោយបើកចេញបាត់ដោយសុវត្ថិភាព។
បច្ចុប្បន្ននេះ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងមន្ទីរជំនាញ នៃទីបញ្ជារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។
ទាក់ទិនបញ្ហាអសុវត្ថិភាពនេះ ដែរ សម្រាប់ប្រជាពលរដ្ឋភាគច្រើន រស់នៅក្រុងព្រះសីហនុ ថ្លែងរិះគន់ចំពោះភាពធូរលុង ឬភាពកម្សោយ របស់ថ្នាក់ដឹកនាំស្ថាប័នកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមិនមានលទ្ធភាព ដាក់ពង្រាយកម្លាំងចុះជួយការពារសុវត្ថិភាព ជូនអ្នកវិនិយោគទុន និងប្រជាពលរដ្ឋទូទៅ ឲ្យមានសុវត្ថិភាពខ្ពស់នៅឡើយ។ ព្រោះថា ជាបន្តបន្ទាប់មកនេះ មានបទល្មើសធំៗជាច្រើនមានដូចជា៖ ប្លន់ប្រដាប់អាវុធ និងចាប់ជំរិតមនុស្សជាដើម តែងបានកើតមានជារឿយៗ មិនថាពេលយប់ ឬពេលថ្ងៃនោះទេ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ, ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស៕
ប្រភព៖ CEN