ហ្វីលីពីន៖ ទឹកចិត្តរបស់ឪពុកម្តាយគ្រប់រូបមកលើកូនៗពិតជាមិនអាចកាត់ថ្លៃបានឡើយ ហើយពេលខ្លះការលះបង់របស់ពួកគាត់ពិតជាមានទំហំធំធេងរហូតដល់កូនៗគ្រប់គ្នាមិនអាចស្មានដល់នោះទេ។ តួយ៉ាងបុរសជាឪពុកចំណាស់ម្នាក់បានទៅទិញស្បែកជើងមួយគូឲ្យកូនប្រុសគាត់ ដោយប្រើកាក់មួយប្រអប់ដែលគាត់ខំសន្សំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រឿងរ៉ាវនេះបានផ្ទុះឡើងនៅក្នុងបណ្តាញសង្គមហ្វីលីពីន ខណៈអត្តសញ្ញាណរបស់ឪពុកកូនកំសត់ទាំងពីរនាក់នេះ មិនត្រូវបានគេស្គាល់ឡើយ។ តាមរយៈម្ចាស់គណនីបណ្តាញសង្គមម្នាក់ដែលបានថតរូបភាពឪពុកកូនកំសត់ទាំងពីរនាក់ និងបានបង្ហោះនៅក្នុងបណ្តាញសង្គមនោះបានឲ្យដឹងថា ឪពុកកូនទាំងពីរនាក់បានទៅដល់ហាងលក់ស្បែកជើងមួយកន្លែងក្នុងប្រទេសហ្វីលីពីនដោយស្លៀកពាក់ខោអាវចាស់ៗ និងស្បែកជើងចាស់សឹកស្ទើរដាច់អស់ទៅហើយ។
ក្រោយពេលកូនប្រុសបានជ្រើសរើសស្បែកជើងដែលគេស្រលាញ់រួច បុរសជាឪពុកបានយកប្រអប់មួយចេញមកដោយក្នុងនោះមានកាក់ប្រាក់ជាច្រើនដើម្បីទូទាត់ថ្លៃស្បែកជើងឲ្យម្ចាស់ហាង។ ខណៈដែលគាត់កំពុងតែរាប់កាក់ម្តងមួយៗយ៉ាងប្រុងប្រយ័ត្ននោះគាត់ក៏បាននិយាយថា លុយនេះគាត់ខំសន្សំជាច្រើនឆ្នាំមកហើយដើម្បីទុកទិញស្បែកជើងឲ្យកូនប្រុសជាទីស្រលាញ់របស់គាត់។ រហូតមកទល់នឹងពេលនេះក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វីលីពីនមួយចំនួនធំកំពុងស្វែងរកឪពុកកូនទាំងពីរនាក់នេះ ដើម្បីឧបត្ថម្ភស្បែកជើង សំលៀកបំពាក់ និងលុយតិចតួចដល់ពួកគាត់ផងដែរ៕