សត្វក្រៀល (Sarus Crane) ជាសត្វស្លាបកំពុងរងគ្រោះ និងមានតម្លៃជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ។ សត្វក្រៀល មានបីប្រភេទផ្សេងគ្នាដែលរស់នៅក្នុងឧបទ្វីបឥណ្ឌា អាស៊ីអាគ្នេយ៍ និងភាគខាងជើងប្រទេសអូស្ត្រាលី។ យោងតាមការបង្ហោះរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា នៅកម្ពុជា អំបូរសត្វក្រៀលមានតែមួយប្រភេទប៉ុណ្ណោះ ដែលមានខ្លួនធំហើយខ្ពស់ ពណ៌ប្រផេះ ក្បាលក្រហមមានបន្ទូលក្បាលពណ៌ប្រផេះគ្មានរោម ជើងក្រហមវែង និងចំពុះត្រង់វែង។
សត្វក្រៀលរកស៊ី និងរស់នៅជាហ្វូង ហើយបន្តពូជញីមួយ ឈ្មោលមួយជាដៃគូតែមួយគត់ក្នុងមួយវដ្តជីវិត។ ចំណីសំខាន់ៗរបស់សត្វក្រៀលរួមមាន ម៉ើមផ្លុង ម៉ើមព្រលិត កូនកង្កែប កូនកណ្តុរ ក្តាម ពស់ និងស្រូវ ជាដើម។ ក្នុងប្រទេសកម្ពុជាសត្វក្រៀលមានសំបុកពងកូនតែនៅក្នុងតំបន់ទំនាបខាងជើង ដែលលាតសន្ធឹងតាមដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភូមិសាស្ត្រខេត្តព្រះវិហារ។
រដូវបន្តពូជរបស់សត្វក្រៀលគឺនៅចន្លោះពីខែមិថុនាដល់ខែកញ្ញានៅក្នុងរដូវវស្សា។ នៅក្នុងរដូវប្រាំង សត្វក្រៀលភាគច្រើនតែងតែផ្លាស់ទីចេញពីកន្លែងបន្តពូជទៅរកចំណីនៅតាមតំបន់ផ្សេងៗ ក្នុងប្រទេសកម្ពុជា រួមមានភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ស្ទឹងត្រែង រតនគិរី កំពង់ធំ តាកែវ និងខេត្តកំពត។ល។ ហើយតាមជំរឿនសត្វក្រៀលក្នុងតំបន់ បានបង្ហាញឱ្យឃើញថាសត្វក្រៀលក្នុងប្រទេសកម្ពុជាមានចំនួន ២៤២ក្បាល ក្នុងឆ្នាំ២០១៨៕