• ទីបំផុត​ រក​ឃើញ​ភពថ្មី​ដែល​មាន​ទឹក​ក្នុង​បរិយាកាស និង​មាន​សីតុណ្ហភាព​អាចឲ្យមនុស្សរស់នៅបាន

    (ប៉ារីស)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ទឹកត្រូវបានរកឃើញជាលើកដំបូង នៅក្នុងបរិយាកាសរបស់ ភពអេលៀនមួយ ដែលអាចមានកម្រិតសីតុណ្ហភាពប្រហាក់ប្រហែលនឹងផែនដី និងអាចទ្រទ្រង់ទម្រង់ជីវិតបាន តាមរយៈការប្រើប្រាស់កែវយឺតអវកាស Hubble ជាជំនួយបន្ថែមនៅក្នុងឆ្នាំ២០១៩ នេះតែម្តង។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌ មាន CNA នៅថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

    ភពមួយនោះដែលមានឈ្មោះថា K2-18b មានម៉ាសធំជាងភពយើងបីដង និងមានទំហំធំជាងផែនដីពីរដង ហើយគន្លងគោចរវិញគឺស្ថិតនៅក្នុងតំបន់អំណោយផល ដែលគេហៅថា Habitable Zone នៃផ្កាយរបស់វា គឺមិនឆ្ងាយពេក និងមិនកៀកពេកឡើយ ដែលអាចឲ្យទឹកមានវត្តមានក្នុងទម្រង់រាវបាន នៅលើផ្ទៃស្រទាប់ខាង លើនៃភពនោះ។ K2-18b ស្ថិតនៅចម្ងាយខ្ទង់ ១១១ឆ្នាំពន្លឺពីផែនដី និងគោចរជុំវិញផ្កាយមេរបស់វាជាប្រភេទតារា ក្រហម K2-18 ក្នុងរយៈពេលមួយជុំ ៣៣ថ្ងៃ។

    បើតាមអ្នកវិទ្យាសាស្រ្ត ក្នុងចំណោមភពអេលៀនជាង ៤,០០០ ដែលត្រូវបានរកឃើញមកទល់សព្វថ្ងៃនេះ ភព K2-18b គឺជាភពដំបូងគេ ដែលមានផ្ទៃជាលក្ខណៈថ្មរឹង ហើយមានបរិយាកាសដែលផ្ទុកទឹក។ ភពអេលៀនភាគ ច្រើន ដែលមានបរិយាកាសគឺសុទ្ធតែជាភពឧស្ម័ន រីឯភពថ្មមួយចំនួនតូចវិញ គឺហាក់មិនមានស្រទាប់បរិយាកាស តែម្តង ហើយបើមានវិញភពដែលគេគិតថាដូចផែនដី ភាគច្រើនស្ថិតនៅចម្ងាយឆ្ងាយ ឬក៏កៀកពេកធៀប នឹងផ្កាយរណបពួកវា ដែលជាហេតុធ្វើឲ្យទឹកពិបាករក្សាទម្រង់វាវត្ថុរាវ ដែលអាចឲ្យជីវិតកកើតឡើងបាន។

    គួរជម្រាបថា ភព K2-18b ត្រូវបានរកឃើញកាលពីឆ្នាំ២០១៥ ដោយកែវយឺតអវកាស Kepler របស់ទីភ្នាក់ងារ អវកាសអាមេរិក NASA។ វាគឺជាប្រភេទភព ស្ថិតនៅក្នុងចំណោមភពអេលៀន Super Earth រាប់រយទៀតដែល អ្នកវិទ្យាសាស្រ្តបានរកឃើញ គឺពពួកភពស្រដៀងផែនដី តែមានម៉ាសធំជាងភពយើងជិត ១០ដង។ បើតាមអ្នក វិទ្យាសាស្រ្ត ភពអេលៀននេះអាចចាត់ទុកបានថា ជាបេក្ខភាពល្អជាងគេបំផុត ក្នុងកិច្ចប្រឹងប្រែងរុករកជីវិត នៅលើបណ្តាភព ដែលស្ថិតនៅក្រៅប្រព័ន្ធអាទិត្យ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ