ពូកែតុបតែងផាត់មុខដូចតារាពេក ទីបំផុត គ្រូបង្រៀនម្នាក់ ត្រៀមក្រណាត់និងទឹកមួយធុង ត្រៀមចាំជូតមុខសិស្សស្រីៗ នៅមាត់ទ្វារសាលាតែម្តង!

ចិន៖ សាលារៀនមួយនៅក្នុងប្រទេសចិនបានបើកយុទ្ធនាការក្តៅទៅកាន់ក្រុមយុវសិស្សស្រីៗ ដែលនាំគ្នាតុបតែងមុខដូចតារាពេលទៅសាលារៀនម្តងៗ។ តាមរយៈវីដេអូដែលត្រូវបានគេថត និងបង្ហោះពេញបណ្តាញសង្គមចិននោះបានបង្ហាញថា មានសិស្សស្រ្តីជាច្រើនឈរតម្រង់ជួរគ្នាហើយមានលោកគ្រូម្នាក់យកក្រណាត់ជ្រលក់ទឹកចាំជូតសម្អាតក្រែម ម្សៅ និងគ្រឿងសម្អាងជាច្រើនទៀតនៅលើមុខសិស្សទាំងនោះម្នាក់ម្តងៗ។

​ក្រោយពីជូតសម្អាតមុខក្រុមសិស្សទាំងនោះហើយ ខាងសាលាក៏បានចេញលិខិតព្រមានមិនឲ្យពួកនាងធ្វើដូចនេះម្តងទៀតឡើយ។ តាមការចុះផ្សាយរបស់សារព័ត៌មាន DAILYMAIL បានឲ្យដឹងថាយុទ្ធនាការនេះត្រូវបានបើកធ្វើនៅក្នុងអនុវិទ្យាល័យ Number Three Secondary School ដែលស្ថិតនៅក្នុងស្រុក Sansui ខេត្ត Guizhou ភាគខាងលិចប្រទេសចិន។

ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមដែលបានទស្សនាវីដេអូនេះហើយបានបញ្ចេញមតិថា គាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សាលាទៅកាន់សិស្សស្រីទាំងនោះ ព្រោះវាជាផ្នែកមួយជួយការពារកុំឲ្យពួកនាងភ្លើតភ្លើននឹងសម្រស់ និងងាកមកផ្ដោតលើការសិក្សាជាចម្បងវិញ។ ក្នុងនោះក៏មានការរិះគន់ថា ក្នុងនាមជាសិស្សគឺមិនអាចផាត់មុខដូចតារា ប៉ុន្តែគ្រូពុំគួរប្រើវិធីសាស្ត្រចាប់បង្ខំ យកក្រណាត់មកជូតមុខសិស្សបែបនេះដែរ។ សម្រាប់អាណាព្យាបាលសិស្សមួយចំនួនវិញបានស្នើឲ្យសាលារៀនផ្សេងទៀតចាត់វិធានការដូចនេះដែរ ព្រោះក្នុងពេលបច្ចុប្បន្ននេះមានសិស្សស្រីក្មេងៗច្រើនណាស់ដែលនិយមតុបតែងខ្លួនទៅសាលារៀនដើម្បីបង្អួតសម្រស់គ្នា ជាជាងប្រជែងគ្នាក្នុងការរៀនសូត្រ។ ប្រិយមិត្តអាចទស្សនាទិដ្ឋភាពនេះដូចក្នុងវីដេអូខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ