បន្ទាប់​ពីមានការផ្ទុះការ​តវ៉ា ក្រ​សួង​អប់រំ ​ស្នើ​ឲ្យ​បេក្ខជន​ទាំងអស់ ត្រូវចងចាំរឿង​សំខាន់​ ៣យ៉ាង​!

ក្រោយ​ពី​មានការ​​​ផ្ទុះការ​តវ៉ា​ពី​បេក្ខជន​ប្រ​ឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិ​យភូមិ​​កាលពី​ថ្ងៃ​ម្សិល​មិញ ក្រ​សួង​បាន​សម្រេច​បង្កើត​​គណៈកម្មការ​ដោះ​ស្រាយ​ករណីនេះ និង​ក៏​បាន​ស្នើ​ឲ្យ​បេក្ខជន​ប្រ​ឡង​ចាំ​រឿង​សំខាន់​បី​យ៉ាងទាក់​ទង​នឹង​លទ្ធ​ផល​ប្រ​ឡងនេះ​។

កាលពី​ម្សិលមិញ​បេក្ខជន​ប្រ​ឡង​បាក់ឌុប​មួយ​ចំនួន​មាន​ទាំងអ្នក​ធ្លាក់ និង​អ្នក​ជាប់​បាន​មក​តវ៉ា​ឲ្យ​ក្រ​សួង​អប់រំ​ជួយ​ពិនិត្យ​ឡើង​វិញ​លើ​កំណែ​វិញ្ញាសារបស់​ពួកគេមួយ​ចំនួន​ ដោយអះអាង​ថា​​លទ្ធផល​ចេញ​មក​ខុសពី​អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ទុក។​

ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​អប់រំ​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ពិនិត្យ និង​​ដោះ​ស្រាយកា​រ​តវ៉ា​របស់​បេក្ខ​ជន ដោយ​ថា​​ក្នុង​បំណង​ឲ្យ​បេក្ខជន និង​អាណា​ព្យាបាល​​មាន​សេច​ក្តីទុក​ចិត្ត​ និង​ទទួល​យក​លទ្ធ​ផល​ការ​ប្រឡង​។​

ក្រ​សួង​ឲ្យ​ដឹងថា​អ្នក​តវ៉ា​កាលពី​ម្សិល​មិញ​មាន​បេក្ខជន​ខ្លះ​ពុំ​សុខចិត្ត​នឹង​លទ្ធផល​ដែល​បាន​ប្រឡង​ធ្លាក់ និង​មាន​បេក្ខជន​ខ្លះ​ពុំ​សុខចិត្ត​ដែល​ប្រឡង​​បាន​និទ្ទេស B និ​ងC ក៏​មក​តវ៉ា​ដែរ ដោយ​ថា​ដើម្បី​ចង់​បាន​និទ្ទេស​A។

ក្រៅពី​លើកឡើង​ពី​​ចំណុច​ទាំងនេះ​ ក្រ​សួង​ក៏បាន​បញ្ជាក់​នូវ​ចំណុច​សំខាន់​បី​​ដែល​បេក្ខជន​ប្រ​ឡង​គួរ​ចងចាំ។ ក្រ​សួង​បញ្ជាក់ថា៖ «សូម​បេក្ខជន​ទាំងអស់​ចងចាំ​ លទ្ធផល​ប្រឡង​ឆ្លុះ​បញ្ចាំង​សារៈ​សំខាន់​បី​យ៉ាង ទី​១​​អ្នក​ចេះ​គឺ​ជាប់ ទី២​ ការ​ប្រ​ឡង​ប្រព្រឹត្តទៅ​ដោយ​យុត្តិ​ធម៌ ​តម្លា​ភាព គោលការ​ណ៍​ច្បាប់ និង​ទទួល​យក​បាន និង​ទី​៣​ លទ្ធ​ផល​ប្រ​ឡង​មិន​មែនជា​ការ​កំណត់វាសនា​របស់​បេក្ខជនទេ​ ប៉ុន្តែ​វាជា​ការ​វាស់​សមត្ថភាព និង​ជំរុញ​ឲ្យ​មាន​ការ​ខិត​ខំ​បន្តទៅ​មុខ​ទៀត»៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ