ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក កំពុងជះលើអាល្លឺម៉ង់ក្នុងកម្រិតធ្ងន់

(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អ៊ែនជែឡា មើគែល (Angela Merkel) នាថ្ងៃពុធនេះបាននិយាយថា សង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងតែប៉ះពាល់ខ្លាំងឡើងៗ ដល់ប្រទេសរបស់លោកស្រីហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

លោកស្រី Merkel បានថ្លែងនៅចំពោះមុខបណ្តាសមាជិកសភា នៃសហព័ន្ធអាល្លឺម៉ង់យ៉ាងដូច្នេះថា «ពិភពលោកទាំងមូលកំពុងប្រឈមនឹងភាព ស្រពិចស្រពិលដោយសារតែជម្លោះពាណិជ្ជកម្ម ដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ហើយជាក់ស្តែងវាកំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសពឹងផ្អែកលើវិស័យនាំចេញដូចជាអាល្លឺម៉ង់ »។

លោកស្រី មើគែល បានលើកឡើងដូចខាងលើនេះ បន្ទាប់ពីការិយាល័យស្ថិតិរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញរបាយការណ៍មួយដែលបង្ហាញថា កំណើននៃអត្រាប្រាក់ចំណូលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសលោកស្រី បានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅឆ្នាំ២០១៩នេះ ដោយសារឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ខណៈកិច្ចចរចាគ្នាគឺមិនទាន់ចេញផលផ្លែផ្កានៅឡើយ។

គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា អស់រយៈពេលជាងមួយឆ្នាំមកហើយ ខណៈការដំឡើងពន្ធលើទំនិញ ខ្ទង់ពាន់លានដុល្លារជុំថ្មីទៀតរវាងប្រទេសទាំងពីរ ទើបតែបានប្រព្រឹត្តទៅកាលពីដើមខែកញ្ញានេះ ប៉ុន្តែប្រទេសទាំងពីរក៏ត្រៀមជួបចរចាគ្នាជាថ្មី នៅខែតុលាខាងមុខនេះដែរ ដោយប្រទេសចិនបានព្យាយាមបន្ធូរបន្ថយកម្តៅ ដោយព្រមដកថយមួយជំហាន នោះគឺការលើកលែងការដំឡើងពន្ធលើទំនិញអាមេរិក ១៦មុខ ស្ថិតនៅក្នុងក្តីសង្ឃឹមថា អាមេរិកនឹងឆ្លើយតបវិញជាលក្ខណៈវិជ្ជមានដូចគ្នា៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ