មេដឹកនាំហុងកុងដែលគាំទ្រដោយរបបប៉េកាំង គឺអ្នកស្រី Carrie Lam បានធ្វើការព្រមានអាមេរិច និងប្រទេសដទៃទៀតកុំឲ្យជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង។
ការព្រមានរបស់អ្នកស្រី កើតឡើងតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលមានអ្នកតវ៉ាហុងកុងរាប់ពាន់នាក់ បានធ្វើការប្រមូលផ្តុំគ្នានៅខាងក្រៅអគ្គកុងស៊ុលរបស់អាមេរិច ដើម្បីស្នើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ជួយរំដោះហុងកុងចេញពីចិន។
កាលពីថ្ងៃអង្គារម្សិលមិញនេះ អ្នកស្រី Carrie Lam បានថ្លែងថា “វានឹងជារឿងដែលអាចទទួលយកបានទាំងស្រុង ដែលទីក្រុងវ៉ាស៊ីនតោន និងប្រទេសដទៃលូកលាន់ចូលកិច្ចការតំបន់ស្វយ័តរបស់ចិន”។
អ្នកស្រីនិយាយថា ”រដ្ឋាភិបាលហុងកុងជំទាស់ដាច់ខាត និងមានការសោកស្តាយ ដែលសភាបរទេសកំពុងតែជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់យើង។ ពួកយើងនឹងមិនអនុញ្ញាតឲ្យពួកគេធ្វើជាភាគីពាក់ព័ន្ធ ក្នុងកិច្ចការផ្ទៃក្នុងរបស់ហុងកុងឡើយ”។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលហុងកុងបានប្រកាសបោះបង់ចោល ច្បាបស់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស់។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋាភិបាលហុងកុង ទើបតែធ្វើតាមបានមួយចំណុចប៉ុណ្ណោះ ចំពោះការទាមទាររបស់បាតុករហុងកុង។ ចំពោះការទាមទារ ៤ចំណុចទៀតរួមមាន៖ ការលើកលែងទោសទៅឲ្យអ្នកតវ៉ាទាំងអស់ ដែលប៉ូលសចាប់ខ្លួន បើកការស៊ើបអង្កេតលើករណីហឹង្សារបស់ប៉ូលីស លើក្រុមបាតុករ ដកចោលពាក្យចោទប្រកាន់ដែលថា ក្រុមបាតុករបង្កើតកុប្បកម្ម បង្កើតការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងសភាហុងកុង៕