ខណៈពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង កំពុងកើតឡើងយ៉ាងក្ដៅគគុក តម្លៃសំបុត្រយន្ដហោះរវាងប្រទេសទាំងពីរធ្លាក់ចុះមកនៅក្រោម ១០ដុល្លារ។
យោងតាមតម្លៃសំបុត្រក្នុង Nikkei Asian ឲ្យដឹងថា ជើងហោះហើរពីទីក្រុងសេអ៊ូល ទៅកាន់ Fukuoka មានតម្លៃត្រឹមតែ ១០ ០០០វ៉ុន (៨,៣៨ដុល្លារ) ប៉ុណ្ណោះសម្រាប់ជើងហោះហើរតម្លៃធូរ Eastar Jet។ ដោយឡែកសម្រាប់ការហោះហើរ ត្រឡប់មកវិញមានតម្លៃត្រឹម ១ ០០០យ៉េន (៩,៣៥ដុល្លារ) ប៉ុណ្ណោះ។ តម្លៃនេះ មិនរួមបញ្ចូលថ្លៃពន្ធ និងការបង់បន្ថែមផ្សេងទៀតនោះទេពោលគឺថ្លៃសរុបប្រមាណជា ៧ ៥៩០យ៉េន (៧១ដុល្លារ)។ យ៉ាងណាក៏ដោយ តម្លៃនេះនៅតែថោកជាងឆ្ងាយពីតម្លៃធម្មតាជារៀងរាល់ឆ្នាំដែលជាការធ្លាក់ចុះប្រមាណជា ៦០-៨០% បើធៀបនឹងឆ្នាំមុន។
គួរឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងឡើងកម្ដៅក្រោយពេលដែលជប៉ុនបោះបង់កូរ៉េខាងត្បូងចេញបញ្ជីប្រទេសដែលមានការនាំចេញផលិតផលលឿន ដោយរដ្ឋាភិបាលទីក្រុងតូក្យូប្រកាសកាលពីថ្ងៃទី ១ខែកក្កដាថាខ្លួននឹងរឹតបន្ដឹងការនាំចេញវត្ថុធាតុដើមគីមីចំនួនបីប្រភេទសម្រាប់ផលិតបន្ទះឈីប និងស្គ្រីនបង្ហាញរូបភាពទៅកាន់ប្រទេសកូរ៉េខាងត្បូង៕