បន្ទាប់ពីមានការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ នៅរាជធានីភ្នំពេញ ក៏មានការភ្ញាក់ផ្អើលជាថ្មីដោយមានគ្រួសាររបស់បេក្ខជនមួយរូប ដែលប្រឡងជាប់អាហារូបករណ៍ ៥០ភាគរយ នៃសាកលវិទ្យាល័យមួយ តែបែរជាលទ្ធផលនៃការប្រឡងបាក់ឌុបបេក្ខជនរូបនេះបានធ្លាក់មុខវិជ្ជាគណិតវិទ្យា ពោលគឺទទួលបាន F ។ ដោយក្រុមគ្រួសារបេក្ខជនមិនសុខចិត្តចំពោះលទ្ធផល និងចង់ឲ្យក្រសួងត្រួតពិនិត្យជាថ្មីលើការបូកពិន្ទុ ដោយ គណនីហ្វេសប៊ុក Chetra Chhann បានសរសេររៀបរាប់ថា៖
“សូមគោរពទៅកាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាទីគោរពនាងខ្ញុំឈ្មោះ ឆាន់ ចិត្រា មានប្អូនស្រីឈ្មោះ ឆាន់ គីមប៊ួយ ថ្ងៃខែឆ្នាំកំណេីត ០៥,០៣,២០០១ ជាសិស្សនៃវិទ្យាល័យបាក់ទូកដែលបានប្រឡងនៅមណ្ឌលវិទ្យាល័យទួលស្វាយព្រៃ លេខតុ៦១១ ដែលប្រឡងបាក់ឌុបនៅឆ្នាំនេះហេីយនេះក៏ជាថ្ងៃប្រកាសលទ្ធផលផងដែរ។ នាងខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនសឹងមិនជឿភ្នែករបស់ខ្លួនឯងនូវលទ្ធផលដែលបានចេញមកឃេីញថាប្អូនស្រីរបស់ខ្ញុំបាននិទ្ទេស C ហេីយធ្លាក់មុខវិជ្ជាគណិតវិទ្យាF ទាំងដែលប្អូនរបស់ខ្ញុំមានប្រវត្តិសិក្សាល្អ លេីគ្រប់មុខវិជ្ជា គណិតវិទ្យានេះដែលគឺគាត់ធ្វេីបានសម្រេចច្រេីនភាគរយព្រមទាំងត្រឹមត្រូវទៀតផងតាមរយៈការបញ្ជាក់ប្រាប់យ៉ាងច្បាស់ពីសំណាក់ប្អូនស្រីរបស់ខ្ញុំ។
ខ្ញុំសូមសម្ដែងនូវការមិនយល់ស្របទាំងស្រុងនូវលទ្ធផលដែលបានចេញរួចនេះ វាពិតជាមិនអាចទទួលយកបានទេសម្រាប់ប្អូនស្រីខ្ញុំ ព្រោះគាត់បានខិតខំប្រឹងប្រែងរៀនសូត្រ មានពេលសម្រាកតិចតួចណាស់ ភ្ញាក់ពីព្រលឹមរាល់ព្រឹកទៅរៀនមិនថាថ្ងៃអាទិត្យក៏មិនឈប់សម្រាកផង ចូលគេងយប់ជ្រៅព្រោះត្រូវធ្វេីលំហាត់ សំណេរនិងទន្ទេញមេរៀន។ សូមមេត្តាធ្វេីការត្រួតពិនិត្យឡេីងវិញម្ដងទៀត ហេីយក៏សុំសួរថាតេីនាងខ្ញុំត្រូវ បំពេញនូវលិខិតអ្វីខ្លះក្នុងដំណេីរការសូមឲ្យមានការត្រួតពិនិត្យជាថ្មីម្ដងទៀតលេីការបូកពិន្ទុនិងការចេញលទ្ធផលនេះ?”៕