ខេត្តកណ្តាលៈ ព្រឹត្តិការតាំងពិព័រណ៍គោកម្ពុជាលើកដំបូងគេ នេះគឺធ្លាប់ត្រូវបានប្រព្រឹត្តឡើងចំនួនពីរដងរួចមកហើយនៅលើទឹកដីអរិយក្សត្រដែលដឹកនាំដោយលោកប្រធានសមាគមបង្កាត់ពូជគោប្រាម៉ាន់កម្ពុជាកាលពីឆ្នាំ២០១០ និង២០១១ កន្លងទៅ តាមរយៈកិច្ចសហការរវាងសមាគមបង្កាត់ពូជគោប្រាម៉ាន់កម្ពុជា ក្រុមហ៊ុន 7NG (Cambodia ) Co,.ltd និងគម្រោង i-Capitalivestock របស់កម្មវិធី i-Group បានកំពុងរៀបចំបង្កើតឲ្យមានជាព្រឹត្តិការតាំងពិព័រណ៍គោ ការដេញថ្លៃគោ និងផ្សារសត្វកម្ពុជាលើកទី៣ នៅក្នុងឆ្នាំនេះ។
លោក សួស ថានិត ដែលជាអ្នកគ្រប់គ្រងនៃគម្រោង i-Capitalivestock របស់កម្មវិធី i-Group បានឲ្យដឹងពីការរៀបចំព្រឹត្តិការណ៍នេះថា៖ « ការបង្កើតឲ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍គោកម្ពុជាលើកនេះ ចង់ចូលរួមចំណែកជាមួយក្រសួងកសិកម្ម និងរាជរដ្ឋាភិបាល គឺក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ៗ ដូចជា ថែរក្សាការពារ លើកកម្ពស់ពូជគោក្នុងស្រុក ក៏ដូចជាការចិញ្ចឹមសត្វ និងការបង្កបង្កើនផលកសិកម្ម ដែលមានតាំងពីបរមបុរាណមកឲ្យមានតម្លៃ បង្ហាញនូវពូជគោសាច់ និងគោទឹកដោះ ដែលនាំចូលពីបរទេសល្បីៗ មានដូចជាពូជគោក្នុងស្រុក ពូជគោប្រាម៉ាន់នាំមកពីប្រទេសអាមេរិក និងអូស្រ្តាលី ឬពូជសត្វគោ ហូស្តេនប៊ីហ្វាម៉ស្ទ័រ (HoteinBeefa master) មកពីតំបន់ឥណ្ឌូ-ប្រេស៊ីល ជាដើម»។
លោក សួស ថានិត បានបន្តថា៖« យើងក៏បញ្ជ្រាបនូវបច្ចេកទេស និងវិធីសាស្រ្តថ្មីៗនៃការចិញ្ចឹមគោឲ្យទទួលបានជោគជ័យ ដើម្បីស្តារ និងលើកកម្ពស់នៃកម្រិតជីវភាពប្រជាកសិករ ដែលប្រកបរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឲ្យមានជីវភាពធូរធារផងដែរ។ ជាពិសេស ផ្តោតលើកសុខភាពប្រើប្រាស់កសិផលកសិកម្មតែម្តង។ ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំឡើងក្នុងទិសដៅប្រមូលផ្តុំអ្នកស្រឡាញ់សត្វចិញ្ចឹម និងដាំបន្លែ ផ្លែឈើ សុវត្ថិភាពទាំងអស់ មកបង្ហាញដេញថ្លៃ និងចែករំលែកបទពិសោធន៍បច្ចេកទេសផ្សេងៗនៅក្នុងវិស័យកសិកម្ម ដើម្បីឲ្យមានភាពជឿនលឿន ដូចជាប្រទេសជិតខាង»។
ចំពោះរៀបចំដាក់បង្ហាញនេះ ក៏នឹងជាផ្តល់ឱកាសឲ្យមានទីផ្សារសត្វចិញ្ចឹម និងកសិផល សុវត្ថិភាពកម្ពុជាផ្សេងៗ ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានពីមុខមក។
អ្នកគ្រប់គ្រងនៃគម្រោង i-Capitalivestock របស់កម្មវិធី i-Group លោក សួស ថានិត បានបង្ហើបឲ្យដឹងថា៖ «ជាការពិតនោះ សម្រាប់ពូជគោ យើងមានបង្ហាញជូនដល់ប្រជាកសិករនូវប្រភេទសត្វគោបីសណ្ឋានធំៗគឺទី១ ពូជគោប្រាម៉ាន់ ដែលនាំមកពីប្រទេសអាមេរិក និងអូស្រ្តាលី (ពូជគោបា និងគោសាច់) ទី២ ជាប្រភេទគោចិញ្ចឹមយកទឹកដោះ ដែលមេគោមួយអាចផ្តល់ទឹកដោះបានចំណុះដល់ទៅ២៥ លីត្រ ក្នុងមួយថ្ងៃ និងទី៣ប្រភេទគោចិញ្ចឹមសម្រាប់កាប់សាច់ ដែលមានប្រើបច្ចេកទេសចិញ្ចឹមរយៈពេល ៤ ខែ គោមួយក្បាលអាចមានទម្ងន់ជាង ១០០ គីឡូក្រាម បានបើប្រៀបនឹងវិធីចិញ្ចឹមតាមរបៀបបុរាណនោះ គឺគោមួយក្បាលអាចមានទម្ងន់ចន្លោះតែ ៥០-៦០ គីឡូក្រាម ប៉ុណ្ណោះ នៃរយៈពេល៤ខែដូចគ្នា។ ខណៈតម្លៃខ្លួនសត្វគោ ប្រភេទប្រាម៉ាន់ វិញ ១ ក្បាល អាចលក់បានក្នុងតម្លៃចន្លោះពី២៥០០ ដុល្លារ ដល់ខ្ទង់ម៉ឺនដុល្លារ ផងដែរគឺអាស្រ័យទៅលើភិនភាគនៃរូបរាងមាឌ ឆ្អឹង និងសាច់ឈាមរបស់វាតែម្តង»។
ប្រជាកសិករ មកពីកសិដ្ឋាន និងគ្រួសារពលរដ្ឋចិញ្ចឹមសត្វគោចំនួន ៧ រស់នៅតាមតំបន់ស្រុកនានានៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ចាម បាននាំយកពូជគោបីសណ្ឋាន ដែលមានប្រមាណជាង ១០០ ក្បាល មកប្រារព្ធព្រឹត្តិការតាំងពិព័រណ៍គោ ការដេញថ្លៃគោ និងទីផ្សារសត្វកម្ពុជាលើកទី៣ ប្រចាំឆ្នាំ២០១៩ នៅតំបន់អភិវឌ្ឍន៍ 7NG នៅឯភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីចុងសប្តាហ៍ថ្ងៃទី ៧-៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក៕