នៅថ្ងៃទី ១០ ខែកញ្ញានេះ Apple នឹងប្រកាសចេញ iPhone ស៊េរីថ្មីជាផ្លូវការ ដែលគេជឿជាក់ថានឹងមានបីម៉ូដែល ហើយមានឈ្មោះ iPhone 11/ 11 Pro និង 11 Pro Max។ ត្បិតថាមិនទាន់ចេញមុខ ប៉ុន្តែនៅប្រទេសវៀតណាមឯណោះ បានចាប់ផ្ដើមបើកទទួលការកុម្ម៉ង់ទិញ iPhone ស៊េរីថ្មីបណ្ដើរៗហើយ។
លោក Hoang Giang ម្ចាស់ហាង iPhone មួយកន្លែងនៅទីក្រុងហាណូយ បានឲ្យដឹងថាហាងរបស់ខ្លួនបានបើកទទួលកុម្ម៉ង់ទិញ iPhone ថ្មី ជិតមួយសប្ដាហ៍មកហើយ។ លោកបានបន្ថែមថា Apple មិនទាន់បញ្ចេញ iPhone ជាផ្លូវការ ហេតុនេះចំនួនកុម្ម៉ង់ទិញនៅមានតិចតួចនៅឡើយ។
ហាងលក់មិនទាន់បញ្ជាក់អំពីតម្លៃនៅឡើយទេ។ ជាធម្មតាពួកគេកំណត់តម្លៃដោយផ្អែកតាមតម្លៃផ្លូវការរបស់ Apple និងបូកបញ្ចូលកម្រៃផ្សេងៗ រួមទាំងថ្លៃចំណេញផងដែរ។
ម្ចាស់ហាងទូរសព្ទមួយទៀតឈ្មោះ Bui Quang Trung បានលើកឡើងថា iPhone លក់ដំបូងៗអាចនឹងមានតម្លៃខ្ពស់ដូចឆ្នាំមុនដែរ។ គួរដឹងថា iPhone XS Max លក់នៅវៀតណាមឆ្នាំមុនមានតម្លៃដល់ប្រមាណ ៨០ លានដុង (ប្រមាណ ៣ ៤០០ ដុល្លារ) ហើយឆ្នាំនេះគេរំពឹងថា iPhone 11 Pro Max ស៊េរីខ្ពស់ជាងគេ អាចឡើងថ្លៃដល់ ១០០ លានដុង (ប្រមាណ ៤ ៣០០ ដុល្លារ)។
ម្ចាស់ហាងខាងលើបន្ថែមថាក្រៅពី Apple Store នៅផ្លូវ Orchard នៅឆ្នាំនេះ អ្នកតម្រង់ជួរចាំទិញ iPhone មានជម្រើសថ្មី គឺហាង Apple Store នៅព្រលានយន្តហោះសិង្ហបុរី Changi ដែលវាអាចកាត់បន្ថយពេលវេលាក្នុងការនាំម៉ាស៊ីនទៅលក់នៅវៀតណាម។
គួរដឹងថា iPhone ដែលលក់នៅវៀតណាមថ្ងៃដំបូង ជាធម្មតាមានតម្លៃលើសតម្លៃដើម ៣ ដង (មួយទ្វេជាបី) ហើយនៅថ្ងៃបន្តបន្ទាប់តម្លៃធ្លាក់ចុះយ៉ាងគំហុក៕