ល្ងាចនេះ ជម្រុះ World Cup ជុំទី២ហើយ… តោះ មកស្តាប់លោក Felix និយាយអ្វីខ្លះ មុនកម្ពុជា ប៉ះបារ៉ែន?

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបន្ដបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិបារ៉ែន នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញានេះ ដែលជាប្រកួតទី២ ក្នុងពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-តំបន់អាស៊ី នៅលើទីលានពហុកីឡដ្ឋានជាតិ។

ជាមួយការប្រកួតនេះដែរ លោក Felix G.Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានសម្ដែងការសប្បាយចិត្ត ដែលបានដឹកនាំកម្ពុជា តតាំងជាមួយបារ៉ែន ដែលត្រូវបានលោកចាត់ទុកជាមួយក្រុមមួយដ៏អស្ចារ្យ ហើយមានគ្រូបង្វឹកដ៏មានបទពិសោធន៍ និងការរៀបចំក្រុមដ៏ល្អ។ យ៉ាងណាមិញលោកសង្ឃឹមថា គោព្រៃកម្ពុជា នឹងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែងជាមួយបារ៉ែន។

បន្ថែមលើនេះ លោកបានបង្ហើបនឹងរក្សានូវទម្រង់លេងដដែល តែត្រូវបង្កើនទំនុកចិត្តលេងឲ្យកាន់តែខ្លាំង។ លោកថា «គំនិតរបស់យើង គឺនៅដដែល យើងនៅតែព្យាយាមឲ្យក្រុមរបស់យើងធ្វើបានមុន និងលឿនជាងគេ យើងនៅតែចង់ឲ្យក្រុមយើងមានភាពក្លាហានក្នុងការលេង ទោះបីជាលទ្ធផលឈ្នះ ឬចាញ់ ហើយខ្ញុំពិតជារីករាយដែលប្រជាជនទទួលស្គាល់ និងពេញចិត្តអំពីរឿងនេះ។ យើងនៅតែចង់ឲ្យក្រុមរបស់យើងមានរបៀបលេង ដែលយើងចង់បាន ហើយសង្ឃឹមថាយើងនឹងបន្តធ្វើបានកាន់តែល្អ»។

សូមបញ្ជាក់ថា ល្ងាចនេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ដែលទាមទារជ័យជម្នះ ដើម្បីមានឱកាសប្រជែងកៅអីកំពូលតារាង ស្របពេលក្រុមទាំងពីរ កំពុងមាន ១ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើរៀងៗខ្លួន កាលពីថ្ងៃបើកឆាក ពោលគឺកម្ពុជា ស្មើហុងកុង ១-១ និងបារ៉ែន ស្មើអ៊ីរ៉ាក់ ១-១ ដូចគ្នា ។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីចូលរួមលើកទឹកចិត្ដដល់កីឡាករក្រុមគោព្រៃកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ