ព្យុះទីហ្វុង Faxai វាយប្រហារលើប្រទេសជប៉ុន ជាមួយកម្លាំង ខ្យល់បក់ ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង

(តូក្យូ)៖ ព្យុះទីហ្វុង Faxai បានវាយប្រហារលើតំបន់ក្បែរទីក្រុងតូក្យូ ហើយនៅព្រឹកថ្ងៃចន្ទនេះ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លាំង និងខ្យល់បក់ក្នុងល្បឿនដល់ទៅ ២១០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈមនុស្ស៣៩០,០០០នាក់ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

ព្យុះទីហ្វុង Faxai បានបក់បោក មកដល់តំបន់ឆ្នេរភាគខាងកើតប្រទេសជប៉ុន កាលពីយប់ថ្ងៃ អាទិត្យ ហើយអាជ្ញាធរជប៉ុន បានចេញសេចក្តីប្រកាសអាសន្ន ឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះកម្លាំងខ្យល់បក់ ទឹករលកធំៗ បំណាក់ដី និងការជន់លិចជាដើម។ ដោយឡែក នៅថ្ងៃចន្ទនេះ ព្យុះទីហ្វុងមួយនេះ ក៏បានបង្កឱ្យជើងហោះហើរចំនួន១០០ និងខ្សែរថភ្លើង សំខាន់ៗត្រូវលុបចោលផងដែរ ស្របពេលផ្ទះ ២៩០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់។

គួរជម្រាបថា កាលពីពាក់កណ្តាលខែសីហាកន្លងទៅ ព្យុះទីហ្វុងឈ្មោះ Krosa បានវាយប្រហារភាគខាងលិចជប៉ុន និងបានផ្តាច់ ជីវិតមនុស្សម្នាក់។ រីឯនៅចុងខែសីហា ការធ្លាក់ភ្លៀងខ្លាំងបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងបង្កជាគ្រោះទឹកជំនន់យ៉ាង ជន់ជោរ នៅតំបន់ភាគខាងលិចនៃប្រទេសជប៉ុន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ