ព្យុះទីហ្វុងឈ្មោះ Faxai កំពុងឆ្ពោះទៅវាយប្រហារប្រទេសជប៉ុន

(តូក្យូ)៖ ព្យុះទីហ្វុងដ៏ខ្លាំងមួយឈ្មោះថា Faxai នឹងមកដល់ទីក្រុងតូក្យូនៃប្រទេសជប៉ុន នាថ្ងៃអាទិត្យនេះ ខណៈអាជ្ញាធរជប៉ុនបាន ចេញសារឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុង Faxai ដែលកំពុងមានកម្លាំងខ្យល់បក់ជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង នឹងទៅ​ដល់តំបន់ឆ្នេរភាគខាងកើតប្រទេសជប៉ុន ក្បែរទីក្រុងតូក្យូនៅយប់ថ្ងៃអាទិត្យ ឬក៏រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ។ ទីភ្នាក់ងារបាន​ចេញសេចក្តីប្រកាសឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកម្លាំងខ្យល់បក់ ទឹករលកធំៗ បំណាក់ដី ការជន់លិច ជាដើម។

ទោះជាវាមិនទាន់មកដល់ក៏ដោយ ព្យុះទីហ្វុង Faxai បានបង្កផលប៉ះពាល់ដឹកមធ្យោបាយដឹកជញ្ជូននៅជប៉ុនរួចស្រេចទៅហើយ ដោយជើងធ្វើដំណើរតាមយន្តហោះ រថភ្លើង និងកប៉ាល់ចម្លង ជាច្រើន ត្រូវបានលុបចោល។

គួរជម្រាបថា កាលពីពាក់កណ្តាលខែសីហាកន្លងទៅ ព្យុះទីហ្វុងឈ្មោះ Krosa បានវាយប្រហារភាគខាងលិចជប៉ុន និងបានផ្តាច់​ជីវិតមនុស្សម្នាក់។ រីឯនៅចុងខែសីហា ការធ្លាក់ភ្លៀងខ្លាំងបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងបង្កជាគ្រោះទឹកជំនន់យ៉ាង​ជន់ជោរ នៅតំបន់ភាគខាងលិចនៃប្រទេសជប៉ុន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ