ខេត្តតាកែវ ៖ ក្រោយមានការតវ៉ាពីបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទៅលើអ្នកមានប្រាក់សាងសង់របងថ្មក្នុងប្រឡាយទឹក ពួកគាត់បានស្នើសុំឲ្យអាជ្ញាធរជំនាញជួយចុះពិនិត្យ តែក្រោយពេលចុះពិនិត្យលើកទី១ឃើញថា អាជ្ញាធរស្រុកនិងមន្ត្រីជំនាញបានធ្វើការហាមឃាត់មិនអនុញ្ញាតិឲ្យសាងសង់របងនោះឡើយ តែជាងពីរខែមកនេះ គឹតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ របងថ្មបេតុងជិត៣០០ម៉ែត្រលាតសន្ធឹងសឹងដាច់កន្ទុយភ្នែកនៅក្នុងទឹកប្រឡាយបានធ្វើរួចរាល់ទៅហើយ។
ទិដ្ឋភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុកត្រាំកក់ អស់ជំនឿ និងបាត់បង់ទំនុកចិត្តទៅលើការអនុវត្តច្បាប់ ព្រោះតែអ្នកមានទឹកប្រាក់ មានអំណាច អាចធ្វើរបងនៅក្នុងទឹកប្រឡាយបានយ៉ាងស្រួល ដោយគ្មានការឈឺក្បាលដល់មន្ត្រីជំនាញ និងអាជ្ញាធរឡើយ (តើជាកំហុសរបស់អ្នកណា? )។
សូមបញ្ជាក់ផងដែរថា លោក លន់ ហួត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកត្រាំកក់ បានចេញសេចក្តីបកស្រាយថា លោក សែម សារ៉ែនឌី ដែលជាម្ចាស់ក្បាលដីលេខ០២០២ ពិតជាបានសាងសង់របងថ្មរំលោភចូលដីប្រឡាយទឹកចំនួន០.៣០ម៉ែត្រ និងមានប្រវែង៤៣ម៉ែត្រប្រាដកមែន។ ដោយឡែកអាជ្ញាធរស្រុកត្រាំកក់វិញបាននិយាយយ៉ាងខ្លីថា ការធ្វើរបងថ្មនេះបានរំលោភចូលក្នុងប្រឡាយតែជាង២តឹកប៉ុណ្ណោះ ៕ តាកែវ
សូមមើលរូបភាពជាក់ស្តែង តើចូលប៉ុន្មានតឹក រឺប៉ុន្មានម៉ែត្រ តាមការយល់ឃើញរបស់បងប្អូនប្រជាពលរដ្ឋ បើសូម្បីតែចំណីខ្នងប្រឡាយក៏គ្មាន ហើយប្រឡាយនោះគេហៅថាប្រឡាយរងដែលមានប្រវែងរហូតដល់ ៨ម៉ែត្រ ជាប្រឡាយ កាត់ថ្នល់ដើម្បីរំដោះទឹក ៕