(រាជធានីភ្នំពេញ)៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលជាអ្នកលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរបានអោយដឹងថា ភ្ញៀវទេសចរបរទេសទិញសំបុត្រទស្សនាបានធ្លាក់ចុះតាំងពីខែមករា ដើមឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្នេះ ដែលបណ្តាលអោយអ្នកប្រតិបត្តិវិស័យទេសចរណ៍មួយចំនួនខាតបង់ចំណូល ជាក់ស្ដែងសណ្ឋាគារមួយចំនួន នៅក្នុងខេត្តសៀមរាបបានបិទ និងផ្អាកអាជីវកម្ម ដោយសារតែមិនមានភ្ញៀវចូលស្នាក់នៅ ធ្វើឱ្យចំណូលធ្លាក់ចុះ មិនអាចទប់ទល់បានតទៅទៀត ។
បើតាមយោងតាម ការផ្សព្វផ្សាយរបស់បណ្ដាសណ្ឋាគារមួយចំនួន នៅខេត្តសៀមរាប ឃើញថាតម្លៃសណ្ឋាគារបានធ្លាក់ចុះមកនៅទាប ហើយគោលដៅសម្រាប់ភ្ញៀវក្នុងស្រុក ជាក់ស្ដែងសណ្ឋាគារផ្កាយ៣និងផ្កាយ៤មានតម្លៃប្រមាណតែ២០ទៅ៣០ដុល្លារប៉ុណ្ណោះ ក្នុងមួយយប់ ដោយរក្សាសេវាកម្មរបស់ខ្លួននៅដដែល ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ មិនអាចទាក់ទងបានទេ នៅថ្ងៃទី០៤ កញ្ញានេះ ដោយសារលោកជាប់ធុរកិច្ចនៅក្រៅប្រទេស ។ យ៉ាងណាក៏ដោយបើតាមស្ថិតរបស់ក្រសួងទេសចរណ៍ ក្នុងរយៈពាក់កណ្ដាលឆ្នាំ ២០១៩ ភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជា មានចំនួន ៣,៣លាននាក់ ហើយអះអាងថាកើនឡើង ប្រមាណ១១,២ភាគរយធៀបនឹងឆ្នាំ ២០១៨កន្លងទៅ តែបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលជាអ្នកទទួលលក់សំបុត្រជូនភ្ញៀវបរទេសទស្សនារមណីយដ្ឋានអង្គរបានអោយដឹងថារយៈពេល៨ខែដើមឆ្នាំ ២០១៩នេះ ភ្ញៀវទេសចរបរទេសទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរបានធ្លាក់ចុះប្រមាណ១១,០៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ៕