ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែកញ្ញា បានចេញសេចក្តីជូនដំណឹងពីថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិតក្នុងដែនអនុវត្ត នៃច្បាប់ស្តីពីការងារបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសរបស់ក្រសួងលេខ៤៧៨ក.ប/ប្រ.ក.អ.ឆ.ក ចុះថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្តីពីការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៩ និងដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ អនុវត្តដូចតទៅ ៖
១. អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាក ដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌ
ខាងមុខនេះ ក្នុងអំឡុងពេលបួនថ្ងៃ គឺថ្ងៃទី ២៧-២៨-២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ជំនួសឱ្យថ្ងៃទី២៩ ដែលត្រូវចំថ្ងៃអាទិត្យ ។
២. ខិតខំរៀបចំបើកប្រាក់ឈ្នួល ជូនកម្មករនិយោជិតលើកទី២ ឱ្យមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិត ទទួលប្រាក់បុរេប្រទាន យ៉ាងតិច៥០% (ហាសិបភាគរយ) មុនពេលបុណ្យភ្ជុំបិណ្ឌ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹម យ៉ាងជឿជាក់ថា លោក លោកស្រី ដែលជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ប្រាកដជាអនុវត្តន៍ តាមសេចក្តីជូនដំណឹងនេះ បានល្អត្រឹមត្រូវជាពុំខាន៕