កម្ពុជា និងហុងកុង ស្មើគ្នា ១-១ ក្នុងវគ្គជម្រុះ World Cup 2022

(ភ្នំពេញ)៖ ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវហុងកុង បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ និងបានម្នាក់ ១ពិន្ទុដូចគ្នាក្នុងថ្ងៃបើកឆាកនៃវគ្គសន្សំពិន្ទុពូល C វគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ពេញស្តាតតែម្តង ក្រោមតម្លៃសំបុត្រ ១០០០០រៀល និង ៥០០០រៀល ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC លក់អស់គ្មានសល់។

កីឡាករខ្សែបម្រើប្រយុទ្ធពាក់លេខ១៤ កែវ សុខផេង ជាអ្នករកគ្រាប់វាយបកតាមស្មើ ១-១ មកវិញនៅនាទីទី៣៣ ក្រោយពេលកីឡាករពាក់លេខ១៦ Chun Lok Than បានស៊ុតគ្រាប់នាំមុខឲ្យហុងកុងនៅនាទីទី១៦ ដូចគ្នា និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ដោយក្នុងវគ្គទី២ រយៈពេល ៤៥នាទី មិនមានការបំប៉ោងសំណាញ់ទីគ្នាទៀតនោះ។

នេះក៏ជាការលេងស្មើលើកទី១ ផងដែរ ក្នុងចំណោមជួបគ្នា ៦ដងមកនេះ មិនដែលឈ្នះ និងកម្ពុជាស្គាល់តែពាក្យថាចាញ់ទាំងអស់។

ការទទួលបាន ១ពិន្ទុក្នុងដីនេះដែរ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ឡើងទៅឈរនៅកំពូលតារាងនៃពូល C បណ្តោះអាសន្ន និងហុងកុងឈរនៅលេខ២ ក្នុងចំណោម ៣ក្រុមផ្សេងទៀតដែលស្ថិតក្នុងពូលជាមួយគ្នា អ៊ីរ៉ង់ អ៊ីរ៉ាក់ និងបារ៉ែន មិនទាន់ប្រកួតនោះ។

យ៉ាងណាក៏ដោយ ក្រុមដែលបានទម្លាក់គូប្រជែងប៉ាគីស្ថាន ក្នុងវគ្គជម្រុះជុំទី១ ប្រចាំទ្វីបអាស៊ី គោព្រៃកម្ពុជា នឹងបន្តបើកទ្វារកីឡដ្ឋានអូឡាំពិក ដើម្បីទទួលក្រុមជម្រើសជាតិបារ៉ែនវិញម្តង ដែលជាការប្រកួតលើកទី២ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ គ្រាដែលសំបុត្រចូលទស្សនាចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃស្អែកនេះតទៅផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ