(ភ្នំពេញ)៖ ទ្រី តារាវុធ ដែលតែងតែលេចវត្តមានក្នុងភាពយន្តដុំធំៗកន្លងមក តែ ពេលនេះមានឱកាសពិសេសមួយ ធ្វើជាបុរសឯកតំណាងកម្ពុជាទៅប្រកួតក្នុងកម្មវិធី «Man Of The Year» នៅប្រទេសមីយ៉ាន់ម៉ា។ នេះជាលើកទី១ ហើយដែលតារាសម្តែង និងពិធីកររូបសង្ហារ ទ្រី តារាវុធ ចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ដែលមានការចូលរួមពីបុរសៗរូបសង្ហារ សាច់ដុំកង់ៗ មកពីបណ្តាប្រទេសជាច្រើនលើពិភពលោក។ តែយ៉ាងណា ក្រៅពីជឿជាក់លើសមត្ថភាពរបស់ខ្លួន លោកក៏សូមឲ្យទស្សនិកជនចូលរួមគាំទ្រផងដែរ។
ពិតណាស់ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តារាសម្តែង ទ្រី តារាវុធ នឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រឡងសម្រស់ផ្នែកបុរស «Man Of The Year» 2019 ហើយ។ នេះគឺជាឱកាសថ្មី ដែលតារាសម្តែងរូបនេះទទួលបាន ក្រោយពីជោគជ័យលើការងារសម្តែង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ទ្រី តារាវុធ បានប្រាប់ថា មកទល់នឹងពេលនេះ គឺកំពុងហ្វឹកហាត់បន្ថែមលើការដើរម៉ូត ជាពិសេសគឺព្យាយាមហាត់ប្រាណ ដើម្បីឲ្យមានរាងស្អាត និងយកសាច់ដុំឲ្យស័ក្តសមជាតារាម៉ូដែល ព្រោះកន្លងមករវល់សម្តែងផង ពិធីករផង មិនមានពេលហាត់ប្រាណ។ យ៉ាងណាមិញ លោកបានព្យាយាមហ្វឹកហាត់បន្ថែមត្រង់ចំណុចនេះ និងការជួបជាមួយអ្នករៀបចំ ដើម្បីបំពេញចំណុចខ្វះខាត មុននឹងចេញទៅប្រកួត។
ចំពោះរូបភាពស្លៀកសិចស៊ី ប៉ុន្មានសន្លឹកដែរផុសក្នុងហ្វេបុកលោក ក្នុងពេលថ្មីៗលោក ទ្រី តារាវុធ បានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលលោកស្លៀកសិចស៊ី មានតែខោក្នុង ព្រោះជាទូទៅកម្មវិធីលំដាប់ថ្នាក់ពិភពលោកបែបនេះ គឺតម្រូវឲ្យមានគ្រប់ទម្រង់ គឺមានទាំងឈុតអាវធំ, ស្លៀកបែបសិចស៊ីមានតែខោក្នុង និងឈុតតំណាងជាតិជាដើម។ លោកថា ដោយសារមិនធ្លាប់ស្លៀកសិចស៊ី ដំបូងឡើយមានអារម្មណ៍ថាអៀន ទោះយ៉ាងណានៅតែធ្វើបាន ព្រោះជាការតម្រូវរបស់កម្មវិធី។ ទោះបែបនេះក្តី លោក ទ្រី តារាវុធ បានសង្កត់ធ្ងន់ថា បាននាំយកនូវឈុតតំណាងជាតិទៅជាមួយផង ដោយមានឈុតនាគរាជ គ្រងមកុដនាគ ខណៈមកុដនាគនេះទៀតសោទ គឺដកស្រង់ចេញពីផ្ទាំងគំនូរ តាមរយៈរឿង «រាមកេរ្តិ៍»។
ព្រឹត្តិការណ៍ប្រកួត «Man Of The Year» ប្រចាំឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីបេក្ខជនតំណាងប្រទេសប្រមាណជាង ២០ មកពីជុំវិញពិភពលោកចូលរួមប្រកួត។ តារាសម្តែង និងពិធីករ ទ្រី តារាវុធ បានត្រៀមរួចជាស្រេចនូវការហ្វឹកហាត់លើជំនាញមួយចំនួន ជាច្រើនខែកន្លងមកហើយ ដើម្បីបង្ហាញពីភាពជឿជាក់មួយលើឆាកអន្តរជាតិមួយនេះ។ តែយ៉ាងណា ក៏សំណូមពរដល់ទស្សនិកជនចូលរួមគាំទ្រផងដែរ ព្រោះនេះមិនមែនជាមុខមាត់លោកតែម្នាក់ឯងទេ ពោលគឺតំណាងឲ្យប្រទេសកម្ពុជាទាំងមូលតែម្តង។
គួរបញ្ជាក់ដែរថា លោកទ្រី តារាវុធ មានអាយុ២៤ឆ្នាំ គឺជាតារាសម្តែង បង្ហាញម៉ូត និងពិធីករម្នាក់ដ៏មានប្រជាប្រិយ ។ លោកគឺជាអតីត Frishie Boy ចំណាត់ថ្នាក់លេខ១ ប្រចាំ២០១៦។ តារារូបនេះធ្លាប់សម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតទទួលបានការគាំទ្រច្រើន ដូចជា រឿង «កំណត់ហេតុនាងនាថ», រឿង «សរសរកន្លោង», រឿង «ភូមិគ្រឹះជំពាក់ស្នេហ៍» រឿង «កុំងាកក្រោយ» ជាដើម៕