• បុរសម្នាក់ ត្រូវជាប់គុកនៅសិង្ហបុរី ក្រោយទិញសំបុត្រយន្តហោះមួយសន្លឹកចោល ដើម្បីបានដើរជូនដំណើរប្រពន្ធដល់មាត់ទ្វារឡើងយន្តហោះ

    សិង្ហបុរី៖ កន្លងមកលោកអ្នកធ្លាប់បានដឹងថា សិង្ហបុរីគឺជាប្រទេសមួយ ដែលមានការអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត តួយ៉ាងសូម្បីតែការទំពាស្ករកៅស៊ូនៅក្នុងប្រទេសនេះក៏ត្រូវចាត់ទុកថាជាសកម្មភាពខុសច្បាប់ដែរ ព្រោះកាកសំណល់ស្ករកៅស៊ូបានប៉ះពាល់សោភ័ណភាព និងបរិស្ថានទីក្រុង។ ថ្ងៃនេះអង្គភាពខ្មែរណូតសូមធ្វើការបង្ហាញជូនប្រិយមិត្តនូវករណីដ៏កម្រមួយទៀត ដែលបានកើតឡើងនៅក្នុងព្រលានយន្តហោះ Changi ប្រទេសសិង្ហបុរី គឺមានបុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ព្រោះតែគាត់បានទិញសំបុត្រយន្តហោះមួយសន្លឹក ដើម្បីគ្រាន់តែដើរជូនដំណើរប្រពន្ធឲ្យដល់មាត់ទ្វារឡើងលើយន្តហោះផ្ទាល់តែម្តង តែគាត់មិនបានឡើងជិះយន្តហោះនោះទេ។

    សូមបញ្ជាក់ជូនថា ជាធម្មតាលោកអ្នកអាចទៅជូនដំណើរអ្នកណាម្នាក់មុនពេលយន្តហោះចេញដំណើរប្រហែលជាមួយម៉ោង ហើយកន្លែងជួបគ្នានោះអាចនៅទីកន្លែងណាក៏បានក្នុងបរិវេណនៃព្រលានយន្តហោះ។ បន្ទាប់មកមុនពេលយន្តហោះចេញដំណើរប្រហែលជាមួយម៉ោង អ្នកដំណើរទាំងអស់ត្រូវឲ្យគេពិនិត្យលិខិតឆ្លងដែន និងត្រូវចូលទៅក្នុងកន្លែងរង់ចាំមួយរហូតដល់ពេលយន្តហោះត្រូវចេញដំណើរ។ អ្នកដែលគ្មានសំបុត្រយន្តហោះ គ្មានលិខិតឆ្លងដែន មិនមែនជាបុគ្គលិក ឬជាសាធារណៈជនទូទៅមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងបន្ទប់រង់ចាំនេះឡើយ។

    ព្រោះហេតុផលនេះហើយទើបបុរសវ័យ ២៧ ឆ្នាំ បានសម្រេចទិញសំបុត្រយន្តហោះពីរសន្លឹក មួយគឺសម្រាប់ប្រពន្ធគាត់ចេញដំណើរពីសិង្ហបុរី និងមួយទៀតសម្រាប់គាត់ តែការទិញសំបុត្ររបស់គាត់នេះគឺគ្រាន់តែចង់បានសិទ្ធិអង្គុយកំដរប្រពន្ធ និងរង់ចាំជូនដំណើរប្រពន្ធដល់ពេលយន្តហោះចេញដំណើរតែប៉ុណ្ណោះ តែគាត់នឹងមិនឡើងលើយន្តហោះឡើយ។ ករណីនេះត្រូវបានចាត់ទុកថា ជាសកម្មភាពខុសច្បាប់នៅក្នុងប្រទេសសិង្ហបុរី និងត្រូវពិន័យជាប្រាក់ ១៤,៣០០ ដុល្លារអាមេរិក ឬជាប់គុករហូតដល់ ២ ឆ្នាំ។

    សម្រាប់ឆ្នាំ ២០១៩ នេះមានមនុស្សចំនួន ១៣ នាក់ហើយ ដែលត្រូវបានប៉ូលិសសិង្ហបុរីធ្វើការឃាត់ខ្លួននៅព្រលានយន្តជុំវិញករណីដូចគ្នានេះ។ គួរបញ្ជាក់ជូនផងដែរថា Changi គឺជាព្រលានយន្តល្អបំផុតលំដាប់ទី ១ នៅក្នុងពិភពលោក ហើយការអនុវត្តច្បាប់នៅក្នុងព្រលានយន្តហោះមួយនេះក៏មានលក្ខណៈតឹងរឹងខ្លាំងផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ