• ភ្លៀង​ធ្លាក់​ជាបន្ត​បន្ទាប់​ប៉ុន្មាន​ថ្ងៃនេះ ធ្វើឲ្យទឹក​ទន្លេ​​ហក់ឡើងខ្លាំង សូមបងប្អូនប្រុងប្រយ័ត្ន

    ភ្លៀង​ធ្លាក់​ជាបន្ត​បន្ទាប់​នាប៉ុន្មាន​ថ្ងៃនេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​បាក់​ច្រាំងទន្លេ ទឹក​លិច​ផ្លូវ និង​ភូមិ​ដ្ឋាន​របស់​ប្រ​ជា​ពល​រដ្ឋ​មួយចំនួន​។ ខាង​ក្រោម​នេះ​ជា​ទីតាំង​មួយចំនួន​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ និង​ការ​ហក់​ឡើង​នៃ​កម្ពស់​ទឹក​ទន្លេ​៖

    ផ្លូវ​ជាតិ​លេខ​បួន​កាលពី​យប់​មិញ​គិត​ត្រឹម​ម៉ោង​៨យប់​ ​ថ្ងៃទី​៤​ ខែ​កញ្ញា ស្ថាន​ភាព​កម្ពស់​ទឹកនៅ​​ចន្លោះ​គីឡូម៉ែត្រ​លេខ១១៥-១១៦ បាន​ឡើង​ដល់​កម្ពស់៥,៩០ម៉ែត្រ​គិតពី​បាត​ស្ពាន ដែល​បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​កាត់​ផ្លូវ​ប្រ​វែង​១០០​ម៉ែត្រ។ នៅ​ព្រឹក​នេះ មាន​សេចក្ដីរាយការណ៍​ថា​ទឹក​បាន​ស្រក​ចុះ​បន្តិច​វិញ ហើយ​ចរាចរណ៍​បើក​ដំណើរការធម្មតា។

    នៅ​ឯ​ខេត្ត​ត្បូង​ឃ្មុំ​ឯណោះ​វិញនៅ​យប់ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ២០១៩ ស្ថាន​ភាព​ទឹក​ទន្លេ​កំពុង​ហក់​ឡើង និង​ដើម្បី​ទប់​ទល់​ឲ្យ​ទាន់​សភាព​ការ​អាជ្ញាធរ​បាន​ទប់ច្រាំង​ទន្លេ​មេគង្គ​ទាំង​យប់​នៅ​ទីតាំង​ភូមិ​កំពុង​ឫស្សី ឃុំជីរោទ៍ទី១ ស្រុក​ត្បូង​ឃ្មុំ។

    ចំណែក​នៅ​ព្រឹក​នេះ​វិញ​ក្រ​សួង​ឲ្យ​ដឹងថា​ទឹក​ទន្លេ​មេគង្គ​មាន​កម្ពស់​១៤,១០ម៉ែត្រ​បាន​ជន់​លិច​ផ្លូវ​បេតុង​ប្រ​វែង​៦០០ម៉ែត្រ​ជម្រៅ​ពីពីរ​ទៅ​បីតឹក​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ព្រែក​តូច ឃុំជីរោទ៍ទី១ ស្រុក​ត្បូង​ឃ្មុំ​ រថយន្ត​តូច និង​ម៉ូតូ​អាច​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​ឆ្លង​កាត់​ទៅ​កាន់​ស្រុក​ក្រូច​ឆ្មារ​បាន។

    សម្រាប់​ខេត្ត​ក្រ​ចេះ​វិញ​នៅ​ព្រឹក​នេះ​មាន​ករណី​បាក់ស្រុត​ដី ​និង​ច្រាំង​ទន្លេ​ចំនួន​ពី​រ​កន្លែង គឺ​ទី​មួយ​ក្នុងឃុំពង្ររ ស្រុក​ឆ្លូង បាក់​ច្រាំងទន្លេ​ធ្វើ​ឲ្យ​ខូច​​ថ្នល់​ប្រ​វែង​៥០ម៉ែត្រ និង​នៅ​ឃុំ​ឆ្លូង វិញ​ស្រុត​ថ្នល់​ប្រវែង២០០​ម៉ែត្រ។

    ទាក់ទង​នឹង​កម្ពស់ទឹក​ទន្លេនេះ ​បើតាម​ក្រ​សួង​ធនធាន​ទឹក​គិតត្រឹម​ព្រឹក​នេះ​មាន​តែខេត្ត​ស្ទឹង​ត្រែង​មួយ​ទេ​ដែល​កម្ពស់​ទឹក​ឡើ​ង​លើស​កម្រិត​ត្រូវ​ប្រុង​ប្រយ័ត្នគឺកម្ពស់ទឹក​ពេល​នេះមាន​១១,៥៩ម៉ែត្រ ខណៈកម្ពស់​ប្រុង​ប្រ​យ័ត្ន​១០,៧០​ម៉ែត្រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ