ក្រុមហ៊ុន Lamborghini នឹងបង្ហាញរថយន្តប្រភេទ Hybrid ដំបូងរបស់ពួកគេនៅ Frankfurt Motor Show ដែលនឹងប្រព្រឹត្តិនៅអាទិត្យក្រោយនេះ។
រថយន្តថ្មីនេះគឺមានឈ្មោះថា Sián ដែលមានន័យថា ផ្លេកបន្ទោរ គឺជារថយន្តលឿន និងកម្លាំងខ្លាំងជាងគេក្នុងចំណោមរថយន្តផលិតដោយ Lamborghini។ Lamborghini Sián នឹងប្រើម៉ាស៊ីន V12 ចំណុះ ៦,៥លីត្រ ដែលមានកម្លាំង ៧៨៥ សេះ ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ៣៤ សេះ បូកសរុបមក ៨១៩ សេះ។
ម៉ូទ័រអគ្គិសនីមិនប្រើ ថ្ម ឬអាគុយទេ គឺប្រើកាប៉ាស៊ីទ័រ ដែល Lamborghini អះអាងថាវាស្រាលជាង ថ្ម ឬអាគុយហើយអាចស្ដុកថាមពលបានច្រើនជាងរហូតដល់ទៅ១០ដង។កាប៉ាស៊ីទ័រនេះគឺដាក់នៅចំពីក្រោយកៅអីខាងស្ដាំ។
សរុបមកម៉ាស៊ីន V12 និងម៉ូទ័រអគ្គិសនី ជួយបង្កើនល្បឿន Lamborghini Sián ពី ០ ទៅ ១០០ km/h ក្នុងរយៈពេល ២,៨ វិនាទី ហើយមានល្បឿនលឿនបំផុត ៣៥០ km/h។
Lamborghini នឹងផលិត Lamborghini Sián ត្រឹមតែ ៦៣ គ្រឿងប៉ុណ្ណោះ ហើយរថយន្តនេះមិនទាន់ចេញមុខជាសាធារណៈផងលក់អស់បាត់ហើយ។ Lamborghini មិនបានបញ្ចេញតម្លៃទេ ប៉ុន្តែបើតាមសារព័ត៌មាន The Drive រថយន្តមួយគ្រឿងនេះមានតម្លៃ ៣,៦លាន៕