យោងតាមរបាយការណ៍របស់អង្គភាពស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ចដែលចេញផ្សាយពីថ្ងៃព្រហស្បតិ៍បង្ហាញថា ទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ស្ថិតនៅលើកំពូលតារាងជាទីក្រុងដែលមានសុវត្ថិភាពជាងគេបំផុតក្នុងពិភពលោក។
នៅក្នុងសន្និសីទមួយដែលរៀបចំដោយអ្នកសេដ្ឋកិច្ចក្នុងប្រទេសសិង្ហបុរី បង្ហាញថាទីក្រុងតូក្យូមានបទល្មើសឧក្រិដ្ឋកម្មទាប, ហេដ្ឋារចនាសម្ព័ន្ធដែលអាចទប់ទល់ជាមួយគ្រោះធម្មជាតិ ក៏ដូចជាមានភាគរយតិចប៉ុណ្ណោះដែលកុំព្យូទ័ររបស់អ្នកប្រើប្រាស់អាចឆ្លងមេរោគ។ ការវាយតម្លៃទៅលើទីក្រុងមានសុវត្ថិភាពបំផុត ត្រូវបានគេមើលទៅ ៤ចំណុចសំខាន់ៗដូចជា ៖ ប្រព័ន្ធឌីជីថល, សេវាសុខភាព, ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពផ្ទាល់ខ្លួន។ ជាមួយគ្នាដែរ រដ្ឋាភិបាលទីក្រុងតូក្យូ ឲ្យដឹងថាខ្លួននឹងខិតខំធ្វើកំណែទម្រង់ដ៏ធំមួយដើម្បីការពារពលរដ្ឋរបស់ខ្លួនពីគ្រោះធម្មជាតិ ដោយសារតូក្យូងាយរងគ្រោះដោយសារគ្រោះរញ្ជួយដី។
គួរបញ្ជាក់ថា ទីក្រុងតូក្យូស្ថិតនៅលើកំពូលតារាងជាទីក្រុងមានសុវត្ថិភាពជាងគេ តាមពីក្រោយដោយទីក្រុង សិង្ហបុរី និងលេខ៣គឺទីក្រុងអូសាកា ខណៈដែលលេខ ៤បានទៅលើទីក្រុង Amsterdam របស់ហូឡង់៕